«បឹងយក្សឡោម» ដែលមានទីតាំងស្ថិតនៅឃុំយក្សឡោម ស្រុកបានលុង ខេត្តរតនគិរី គឺជារមណីយដ្ឋានធម្មជាតិ និងប្រវត្តិសាស្ត្រដ៏អស្ចារ្យមួយរបស់ប្រទេសកម្ពុជា ដោយសារបឹងមួយនេះគឺបានកើតចេញពីបន្ទុះភ្នំភ្លើងកាលពីរាប់រយឆ្នាំមុន។ ជាមួយទេសភាពដ៏ស្រស់ត្រកាលគ្មានពីរ ទិដ្ឋភាពស្ងប់ស្ងាត់ក្នុងបឹងយក្សឡោម មើលទៅដាច់កន្ទុយភែ្នក មានព្រៃព្រឹក្សាពណ៌បៃតងដុះអមជុំវិញ ផ្តល់ជាម្លប់ដ៏ត្រជាក់សម្រាប់កម្សាន្ត និងសម្រាកលំហែកាយ កំពុងទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនានៅទីនេះឥតឈប់ឈរ។ បឹងយក្សឡោម ប្រៀបដូចជាអាងស្តុបទឹកដ៏ធំមួយ មានពណ៌ខៀវស្រងាត់ ថ្លាឈ្វង់ស្ទើរតែអាចឆ្លុះមុខបាន រហូតធ្វើឱ្យអ្នកទស្សនាមិនចង់ឃ្លាតពីកនែ្លងនេះឡើយ។

បឹងបន្ទុះភ្នំភ្លើងមួយនេះមានវិមាត្រប្រមាណ ២៦១២ ម៉ែត្រ អង្កត់ផ្ចឹតប្រមាណ ៨០០ម៉ែត្រ និងជម្រៅចន្លោះពី ៥០ ទៅ ៧០ម៉ែត្រ ត្រូវបានគេចាត់ទុកថាជារមណីយដ្ឋានដ៏ល្អឥតខ្ចោះមួយរបស់ខេត្តរតនគិរី។ ដើម្បីទៅដល់រមណីយដ្ឋានបឹងយក្សឡោម តម្រូវឱ្យលោកអ្នកធ្វើដំណើរចេញពីរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៦ លេខ៧ និងលេខ១៣ ដោយនៅតាមផ្លូវយើងអាចគយគន់ទេសភាពដ៏ស្រស់បំព្រងនៃធម្មជាតិ ចម្ការកៅស៊ូ ដំឡូងមី និងដើមឈើតូចធំជាច្រើនប្រភេទ ដុះស្របតាមដងផ្លូវ ដែលប្រៀបបានដូចជាផ្ទាំងគំនូរអ៊ីចឹង។
នៅពេលទៅដល់លោកអ្នកនឹងបានឃើញទិដ្ឋភាពដ៏ធំល្វឹងល្វើយនៃបឹងយក្សឡោមប្រៀបបានដូចជាឋានសួគ៌ អាចចុះហែលទឹក ដើម្បីបង្កើននូវភាពសប្បាយរីករាយ រួមជាមួយការទស្សនាទេសភាពជុំវិញបឹង និងខ្ទមជនជាតិព្នងពីរ ដែលគេសង់ឡើង ដើម្បីឱ្យភ្ញៀវទេសចរឃើញថា នោះជាខ្ទមតំណាងឱ្យផ្ទះកូនស្រី កូនប្រុស ក្នុងរឿងព្រេងនិទានប្រវត្តិសាស្ត្រ។ លើសពីនេះភ្ញៀវទេសចរក៏អាចជួលសម្លៀកបំពាក់ជនជាតិភាគតិចស្លៀកពាក់ដើម្បីថតរូប ទុកជាអនុស្សាវរីយ៍ក្នុងដំណើរកម្សាន្តរបស់ពួកគេផងដែរ៕.png)









