ក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ ប្រជាជនចិន ឬអ្នកដែលមានសែស្រឡាយចិនតែងតែមានទំនៀមទម្លាប់មួយចំនួន និងតំណមខ្លះៗ ដើម្បីលើកតម្កើងលាភសំណាង ក៏ដូចជាបង្កើនសុភមង្គល និងទ្រពសម្បត្តិផងដែរ។ ដូច្នេះទំនៀមទម្លាប់ដែលប្រជាជនចិនតែងតែអនុវត្តនៅថ្ងៃចូលឆ្នាំថ្មីរួមមាន៖
១.សែនដង្វាយដល់ព្រះ ដូនតា និងវត្ថុស័ក្តសិទ្ធ៖ ដំណើរការដ៏សំខាន់បំផុតមួយនៃ “បុណ្យចូលឆ្នាំចិន” គឺការគោរពដល់បុព្វបុរស វត្ថុពិសិដ្ឋ ព្រោះការថ្វាយបង្គំព្រះជាអ្វីដែលជនជាតិចិនអនុវត្តជាយូរមកហើយ។ គ្រប់គ្រួសារនឹងរៀបចំដង្វាយរួមមានអាហារប្រៃ អាហារផ្អែម និងផ្លែឈើល្អៗ ដើម្បីប្រើប្រាស់ជាតង្វាយក្នុងថ្ងៃបុណ្យចូលឆ្នាំចិន ដែលត្រូវនឹងថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២៥ នេះ។.png)
២.ការឱ្យអាំងប៉ាវ៖ ការផ្តល់ស្រោមសំបុត្រក្រហម ឬគេហៅថាអាំងប៉ាវ គឺជាអំណោយដែលមនុស្សចាស់ ឬមនុស្សធំ ឱ្យទៅមនុស្សដែលមានវ័យក្មេងជាង។ សម្រាប់កូនៗ ឬចៅៗ ដែលទទួលបានអាំងប៉ាវពីសាច់ញាតិចាស់ទុំ ពួកគេត្រូវនិយាយពាក្យជូនពរទៅកាន់ចាស់ទុំថា “សូមឱ្យឆ្នាំថ្មីសម្រេចបាននូវរាល់បំណងប្រាថ្នារបស់អ្នក និងមានភាពចម្រុងចម្រើន”។
៣.ស្លៀកសម្លៀកបំពាក់ថ្មីៗ៖ ការស្លៀកសម្លៀកបំពាក់ថ្មីៗ ដែលមានពណ៌ភ្លឺចែងចាំង ជាពិសេសពណ៌ក្រហម នឹងនាំលោកអ្នកឱ្យជួបតែរឿងល្អៗក្នុងជីវិតពេញមួយឆ្នាំ ព្រោះពណ៌ “ក្រហម” មានន័យថា លាភសំណាង និងទ្រព្យសម្បត្តិហូរហៀរ។
៤.ជួបជុំញាតិមិត្តគ្រួសារ៖ កិច្ចការដែលត្រូវធ្វើ និងចាត់ទុកថាមានសារៈសំខាន់បន្ទាប់ គឺការជួបជុំគ្រួសារ ព្រោះថ្ងៃចូលឆ្នាំចិនត្រូវបានគេចាត់ទុកថាជាថ្ងៃសម្រាប់ការជួបជុំបងប្អូនគ្រួសារ ញ៉ាំអាហាររួមតុជាមួយគ្នាជាដើម។
ទោះជាយ៉ាងណា សម្រាប់តំណមដែលអ្នកមិនគួរធ្វើនៅក្នុងថ្ងៃបុណ្យចូលឆ្នាំចិនរួមមាន៖
– ហាមបោសផ្ទះ
-ហាមបោកខោអាវ
-ហាមទិញស្បែកជើងថ្មី
-ហាមមិនឱ្យជេរ ឬវ៉ៃគ្នា
-បំណុលប៉ុន្មាន ត្រូវសងឱ្យអស់
-ហាមធ្វើឱ្យរបស់ណាមួយបែកបាក់
-ហាមកក់ ឬកាត់សក់
-ហាមបរិភោគបបរ
-ហាមប្រើប្រាស់របស់មុតស្រួច
-ហាមស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ
– និងហាមចូលបន្ទប់អ្នកដ៏ទៃ៕










