ប្រទេសអាល្លឺម៉ង់ ៖ «អរគុណ ដែលថ្ងៃនេះជាថ្ងៃច័ន្ទ» ពាក្យមួយឃ្លានេះ គឺយើងពុំឮអ្នកណាម្នាក់និយាយទេ ហើយយើងតែងតែឮថា «មិនចង់ឱ្យថ្ងៃច័ន្ទមកដល់» ឬ «មិនចូលចិត្តថ្ងៃច័ន្ទ» ប៉ុន្តែពលរដ្ឋអាល្លឺម៉ង់បាននិយាយពាក្យនេះយ៉ាងរីករាយ ក្រោយពីអាល្លឺម៉ង់សាកល្បងឱ្យពលរដ្ឋធ្វើការត្រឹម៤ថ្ងៃក្នុង១សប្តាហ៍ កាលពីឆ្នាំ២០២៤ ។.png)
ក្រោយពីក្រុមហ៊ុននានានៅប្រទេសអាល្លឺម៉ង់សាកល្បងឱ្យពលរដ្ឋធ្វើការត្រឹម៤ថ្ងៃក្នុង១សប្តាហ៍ ឃើញថា អាចបង្កើនប្រសិទ្ធភាពការងារ និងធ្វើឱ្យបុគ្គលិករីករាយធ្វើការ ។ ពួកគេមានពេលសម្រាកលើសមុន ប៉ុន្តែទទួលបានលទ្ធផលការងារស្មើធ្វើការ៥ថ្ងៃក្នុង១សប្តាហ៍ ។
កាលពីឆ្នាំ២០២៤ អាល្លឺម៉ង់បានសាកល្បងឱ្យពលរដ្ឋធ្វើការ៤ថ្ងៃក្នុង១សប្តាហ៍ ដោយមានក្រុមហ៊ុនជាច្រើនចូលរួមសាកល្បង ដូចជា ៖ ក្រុមហ៊ុនបច្ចេកវិទ្យា, ក្រុមហ៊ុនផលិត និងស្ថាប័នអប់រំ ។ រយៈពេល៦ដំបូងនៃឆ្នាំ២០២៤ គឺជាដំណាក់កាលវិភាគ ដែលក្រុមហ៊ុននានាត្រូវរៀបចំការងារសម្រាប់បុគ្គលិកត្រៀមខ្លួនធ្វើការ៤ថ្ងៃ ហើយរយៈពេល៦ខែបន្ទាប់ គឺក្រុមហ៊ុនចាប់ផ្តើមឱ្យបុគ្គលិកធ្វើការ៤ថ្ងៃ ដោយកាត់បន្ថយម៉ោងការងារ ប្រមាណ២០% ។
.png)
ក្រុមហ៊ុនអាល្លឺម៉ង់មួយចំនួនចាប់ផ្តើមឱ្យបុគ្គលិកធ្វើការ៤ថ្ងៃក្នុង១សប្តាហ៍ តាំងពីចុងឆ្នាំ២០២៣ ក្រោយពីបណ្តាប្រទេសនៅអឺរ៉ុបអនុវត្តជោគជ័យ ដូចជា ៖ អេស្ប៉ាញ, អង់គ្លេស និងព័រទុយហ្គាល់ ។ បើទោះជាកាត់បន្ថយម៉ោងការងារ២០% ប៉ុន្តែបុគ្គលិកធ្វើការងារមានប្រសិទ្ធភាព និងទទួលបានប្រាក់ខែពេញ ។ បុគ្គលិកប្រាប់ថា ជីវិតពួកគេល្អជាងមុន ហើយមានពេលសម្រាកលើសមុន ៣៨នាទីក្នុង១យប់ ។
នាយកក្រុមហ៊ុននានានៅអាល្លឺម៉ង់បារម្ភថា ការកាត់បន្ថយថ្ងៃធ្វើការនឹងធ្វើឱ្យលទ្ធផលការងារធ្លាក់ចុះ ប៉ុន្តែក្រោយការសាកល្បង គឺបុគ្គលិកទទួលបានលទ្ធផលការងារល្អគួរឱ្យភ្ញាក់ផ្អើល ឬលទ្ធផលការងារដូចដើម បើធៀបនឹងការធ្វើការ៥ថ្ងៃ ។ តាមរបាយការណ៍សាកល្បងធ្វើការ៤ថ្ងៃក្នុង១សប្តាហ៍ បង្ហាញថា ការប្រជុំបានធ្លាក់ចុះ៦០% ហើយបុគ្គលិកធ្វើការនៅការិយាល័យគាំទ្រឱ្យកាត់បន្ថយប្រជុំ ឬពុំចាំបាច់ប្រជុំញឹកញាប់ ៕










