មនុស្សម្នានៅជុំវិញពិភពលោកហាក់មានការភ្ញាក់ផ្អើលខ្លាំងមែនទែន បន្ទាប់ពីបានទស្សនាវគ្គមួយនៃគំនូរជីវចលតុក្កតា The Simpsons កាលពីឆ្នាំ ២០០៧ បានលេងអំពីហេតុការណ៍ភ្លើងឆេះព្រៃក៏ដូចជាបង្កភាពចលាចលដល់មនុស្សម្នាក្នុងតំបន់ ខណៈថ្មីៗនេះ ក៏កើតមានហេតុការណ៍ឆេះទីក្រុង Hollywood នៅ Los Angeles សហរដ្ឋអាមេរិក។

ជឿជាក់ថា ប្រិយមិត្តភាគច្រើនប្រាកដជាបានជ្រាបហើយអំពី ខ្សែភាពយន្តគំនូរជីវចល The Simpsons ដែលត្រូវបានស្គាល់ថាជាតុក្កតាប្រមើលមើលអំពីអនាគតកាល។ ខ្សែភាពយន្ត The Simpsons ត្រូវបានផលិតឡើងដំបូងតាំងពីឆ្នាំ ១៩៨៩ និងមានជាច្រើនវគ្គ។ តុក្កតានេះហាក់ទទួលបានភាពល្បីល្បាញជុំវិញពិភពលោក ព្រោះតែវគ្គនីមួយៗដែលធ្លាប់បានលេងកន្លងមក បានឆ្លុះបញ្ចាំងពីបាតុភូតធម្មជាតិក៏ដូចជាហេតុការណ៍ផ្សេងៗ។
ទាក់ទងជាមួយនឹងហេតុការណ៍ភ្លើងឆេះព្រៃនៅឯក្រុង Los Angeles រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិកនាពេលថ្មីនេះវិញ បានធ្វើឲ្យសាធារជននៅទូទាំងពិភពលោករម្លឹកទៅដល់វគ្គមួយរបស់តុក្កតា The Simpsons ដែលបានចាក់បញ្ចាំងកាលពីឆ្នាំ ២០០៧។ នៅវគ្គទី ១២ នៃរដូវកាលពី ៨ ក្រោមចំណងជើងថា Little Big Girl ដែលឆ្លុះបញ្ចាំងអំពីហេតុការណ៍ភ្លើងឆេះព្រៃដ៏ខ្លាំងក្លាមួយ គំរាមកំហែងដល់ទីក្រុងនិងអ្នកស្រុក។ ការឆេះនេះក៏ព្រោះភាពធ្វេសប្រហែសរបស់តួអង្គ Bart គ្មានទំនួលខុសត្រូវក្នុងការគ្រប់គ្រងភ្លើងដែលបង្កឡើងដោយខ្លួនឯងបាន ទើបបណ្តាលឲ្យសហគមន៍ទាំងមូលប្រឈមនឹងគ្រោះមហន្តរាយធម្មជាតិ។
តាមរយៈឈុតឆាកនេះគឺបានធ្វើឲ្យមហាជនជាច្រើនគិតថា វាស្រដៀងទៅនឹងហេតុការណ៍ដែលកើតឡើងនាពេលថ្មីៗនេះខ្លំាងមែនទែន ខណៈដែលអណ្តាតភ្លើងនូវតែបន្តឆាបឆេះព្រៃ ក៏ដូចជារីករាលដាលដល់តំបន់ផ្សេងៗ បំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងក្រុមពន្លត់អគ្គីភ័យឥតស្រាក់ស្រាន្ត។
ទោះជាយ៉ាងណា មិនមែនសុទ្ធតែមនុស្សគ្រប់គ្នាជឿលើហេតុការណ៍នេះទេ ដោយអ្នកខ្លះក៏បានលើកថា ភាពយន្ត The Simpsons មិនបានបញ្ជាក់ថាហេតុការណ៍នេះកើតឡើងនៅទី ណាឲ្យពិតប្រាកដទេ ខណៈដែលភ្លើងឆេះបែបនេះគឺតែងកើតឡើងជាច្រើនកន្លែងជារៀងរាល់ឆ្នាំ និងគ្រប់ប្រទេសទាំងអស់។ ដូច្នេះ ការទស្សន៍ទាយនេះគឺមានភាពមិនច្បាស់លាស់ (ដោយប្រយោលប៉ុណ្ណោះ)៕









