ថ្មីៗនេះ នៅលើបណ្តាញសង្គម មហាជនជាច្រើនហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើទិដ្ឋភាពមួយ ដែលជាជំនួបរវាងស្តេចស្វាប្រចាំប្រទេសទាំង ២ គឺកម្ពុជានិងចិន។
យោងតាមការដាក់បង្ហោះជាច្រើននៅលើបណ្តាញសង្គមហ្វេសបុកបានបង្ហាញរូបភាពជាច្រើនសន្លឹក ដែលមានវត្តមានហនុមាន ស្តេចស្វាខ្មែរ និង ស៊ុន អ៊ូខុង ស្តេចស្វាតំណាងប្រទេសចិន ព្រមជាមួយនឹងការគូសបញ្ជាក់ថា «ហនុមាន នាំអ៊ូខុងទៅដល់ភ្នំគូលែនហើយ»។ នៅលើទឹកដីប្រទេសកម្ពុជា កំពូលភ្នំគូលែន អមទៅដោយព្រៃប្រឹក្សាដ៏ខៀវស្រងាត់ និងទឹកជ្រោះដ៏សែនមនោរម្យនៅទីនោះ ក៏ដូចជាការបង្ហាញរួមគ្នារវាងវប្បធម៌ខ្មែរចិន បានបង្កើតជាទិដ្ឋភាពមួយដ៏គួរឲ្យចាប់អារម្មណ៍បំផុត។
សូមជម្រាបថា ហនុមាន ឬស្វាស គឺតួអង្គដ៏សំខាន់មួយនៅក្នុងរឿងរាមកេរ្តិ៍។ នៅក្នុងរឿងរាមាយណ ហនុមាន បូជាចំពោះព្រះរាម។ ហនុមាន ត្រូវបានគេស្គាល់ថា ជាមេទ័ពមួយក្នុងចំណោមមេទ័ពទាំង១៨របស់ព្រះរាម និង «កងទ័ពព្រះពន្លា» ហើយក៏ជាមេទ័ពស្វា ដែលមានឫទ្ធានុភាពខ្លាំងក្លា បញ្ញាវៀងវៃ និងភាពស្មោះត្រង់ខ្ពស់ចំពោះព្រះរាម។ ហនុមាន ក៏ជាតួអង្គលេងសើចច្រើន និងមានប្រពន្ធច្រើនផងដែរ។ យ៉ាងណាមិញ នៅក្នុងជំនឿ ប្រពៃណី និងការបដិបត្តិខ្លះ ដូចជានៅប្រទេស ឥណ្ឌា គេក៏គោរពបូជាហនុមានជាព្រះមួយព្រះអង្គដែរ។
បើក្រឡេកទៅកាន់ ស្តេចស្វាអ៊ូខុងវិញ ត្រូវបានគេស្គាល់ថាជា តួអង្គសំខាន់មួយនៅក្នុងប្រលោមលោកចិនសតវត្សទី ១៦ ដំណើរទៅទិសខាងលិច។ នៅក្នុងប្រលោមលោក ស៊ុន អ៊ូខុង គឺជាស្វាដែលកើតចេញពីថ្ម ដែលទទួលបានអំណាចអបិយជំនឿ តាមរយៈការអនុវត្ត សាសនាតាវ ។ ក្រោយពីបះបោរប្រឆាំងនឹងស្ថានសួគ៌ ក៏ត្រូវ ព្រះពុទ្ធ ដាក់នៅក្រោមភ្នំ។ ប្រាំរយឆ្នាំក្រោយមក គាត់បានអមដំណើរព្រះសង្ឃថាងសាងខាង ជិះសេះនាគស និងសិស្សពីរនាក់ទៀត គឺ ជូប៉ាជេ និង សាអ៊ូជីង ក្នុងដំណើរឆ្ពោះទៅកាន់ឋានសួគ៌ ឬកន្លែងដែលព្រះពុទ្ធ និងបព្វជិតទ្រង់គង់នៅ៕










