ប្រទេសថៃ៖ ភ្លើងឆេះព្រៃនៅទីក្រុង Los Angeles មិនទាន់រលត់ស្រួលបួលផង ឥឡូវនេះមានហេតុការណ៍ដ៏ភ័យរន្ធ.ត់មួយទៀតហើយ គឺភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅនៅខេត្តឈុនបុរី ភាគខាងកើតនៃទីក្រុងប៉ាតាយ៉ា ប្រទេសថៃវិញម្តង ដែលបានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។យោងតាមការចុះផ្សាររបស់សារព័ត៌មានបរទេស The Pattaya News ហេតុការណ៍ភ្លើងឆេះព្រៃបានកើតឡើងនៅវេលាម៉ោង ៩:៣០ នាទីយប់នាថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៥។ 
ភ្លាមៗនោះសេវាសង្គ្រោះបន្ទាន់ រួមទាំងរថយន្តពន្លត់អគ្គីភ័យ ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ដើម្បីពន្លត់ភ្លើង។ ទោះជាយ៉ាងណាបន្ទាប់ពីពន្លត់អស់រយៈពេលពេញមួយយប់ ភ្លើងនៅតែបន្តឆាបឆេះឥតឈប់ឈរដដែល ហើយនៅតែបន្តរាលដាលយ៉ាងឆាប់រហ័ស ដោយបានបង្កការគំរាមកំហែងដល់វត្តមួយដែលនៅក្បែរនោះទៀតផង។ គិតត្រឹមថ្ងៃទី១៦ ខែមករានេះ មន្ត្រីមូលដ្ឋានកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ភ្លើងមិនឱ្យឆេះដល់វត្តនោះទេ។
នេះបើយោងតាមប្រភពដដែលបានឱ្យដឹងទៀតថា ទោះបីជាមានភ្លើងឆេះព្រៃខ្លាំងប៉ុណ្ណាក៏ដោយ ក៏មិនមានការបញ្ជាឱ្យជម្លៀសពលរដ្ឋឡើយដោយសារទីតាំងឆេះ ហាក់នៅឆ្ងាយពីតំបន់លំនៅដ្ឋានរបស់ប្រជាជន ខណៈភ្លាមៗក៏មិនទាន់មានសេចក្តីរាយការណ៍អំពីទំហំនៃការខូចខាតដែរ ប៉ុន្តែគេបារម្ភថា គុណភាពខ្យល់ដែលបណ្តាលមកពីផ្សែងភ្លើង នឹងប៉ះពាល់ដល់សុខភាពមនុស្ស។

សម្រាប់មូលហេតុនៃភ្លើងឆេះព្រៃវិញក៏មិនទាន់ដឹងថា បណ្តាលមកពីអ្វីដែរ ប៉ុន្តែបើតាមធម្មតា រាល់ឆ្នាំឱ្យតែដល់ខែធ្លាក់ខ្យល់ ប្រទេសថៃតែងតែកើតមានភ្លើងឆេះព្រៃជានិច្ច គ្រាន់តែថាឆ្នាំនេះ រដូវភ្លើងឆេះព្រៃហាក់កើតឡើងលឿនខុសធម្មតា។ ដូច្នេះហើយអគ្គិភ័យនៅតែស្ថិតក្រោមការស៊ើបអង្កេតរបស់រដ្ឋាភិបាល ខណៈគេសង្ស័យថាមូលហេតុដែលមានភ្លើងឆេះព្រៃគឺកើតឡើងដោយសារបរិយាកាសធម្មជាតិ និងសកម្មភាពរបស់មនុស្ស៕










