ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមជាច្រើនហាក់មានការចាប់អារម្មណ៍ខ្លាំងមែនទែនទៅនំខ្មែរ ២ ប្រភេទ គឺនំពារ និងនំពពារ ដោយសង្កេតឃើញថាមានការបង្ហោះចែកចាយជាច្រើនទាំងនៅលើហ្វេសបុកនិង Tik Tok ទើបធ្វើឲ្យអ្នកដែលធ្លាប់ភ្លក្សហើយក៏នឹករសជាតិ ចង់បរិភោគឡើងវិញ ខណៈអ្នកមិនទាន់បានភ្លក្សក៏កំពុងតែស្វះស្វែងរកជាវជាបន្តបន្ទាប់ផងដែរ។
ជាការពិតណាស់ មហាជនភាគច្រើនប្រាកដជាស្គាល់យ៉ាងច្បាស់ហើយ នំពារខ្មែរ ដែលជាប្រភេទនំម្យ៉ាង សំបកខាងក្រៅមូលដោយស្រទាប់ម្សៅ និងស្នូលខាងក្នុងមានជម្រើសរសជាតិយ៉ាងច្រើនសម្បូរបែប ដូចជាស្នូលទុរេន សណ្តែក ត្រាវ ដូង ស្លឹកតើយ និងស្នូលពងពារប្រៃជាដើម។ នំពារប្រភេទនេះគឺគេអាចរក្សាទុកបានយូរថ្ងៃ ដែលជាទូទៅគេតែងនិយមយកទៅវត្តប្រគេនព្រះសង្ឃ ឬក៏លេចវត្តមាននៅតាមកម្មវីធីនានាផងដែរ។ នំពារ គឺជាចំណូលចិត្តរបស់មនុស្សគ្រប់វ័យតែម្តង មិនថា ក្មេងចាស់ប្រុសស្រី ដោយសារតែរសជាតិដ៏ឆ្ងាញ់ពិសារ។
ក្រឡេកទៅកាន់«នំពពារ»វិញ ឬអ្នកខ្លះហៅថា«នំប៉ក់ពារ» ក៏ត្រូវបានគេស្គាល់ថាជានំខ្មែរមួយបែបទៀត ដែលនំនេះសំបកខាងក្រៅភាគច្រើនគឺជាបន្ទះម្សៅស្តើងៗរសជាតិស្លឹកតើយ ដែលគេបានធ្វើការចម្អិនវារួចជាស្រេច។ ទើបយកមកខ្ចប់ជាមួយស្នូលមានដូចជា ល្ងរ ស្ករ និងសាច់ដូងខ្ចីជាដើម។ ដើម្បីឲ្យវាក្លាយជានំពពារដ៏ឈ្ងុយឆ្ងាញ់មួយដុំ គេក៏ត្រូវមូលបន្ទះម្សៅដែលឆ្អិនស្រាប់នោះជាមួយនឹងស្នូលជាការស្រេច។ ចំណុចទាក់ទាញនៃនំនេះគឺជានំមួយប្រភេទដែលងាយស្រួលធ្វើ ថែមទាំងមានរសជាតិឈ្ងុយឆ្ងាញ់ស្របតាមចំណូលចិត្តរបស់ប្រជាជនខ្មែរផងដែរ៕










