ប្រធានបទមួយបានលេចឡើងយ៉ាងក្តៅគគុកតំាងពីអំឡុងចុងឆ្នាំ ២០២៤ និងដើមឆ្នាំ ២០២៥ ទាក់ទងនឹងក្រុមហ៊ុនទេសចរណ៍ក្នុងស្រុកមួយ ដែលត្រូវបានគេស្គាល់ថា «សកុណា ត្រាវែល » បានរកស៊ីបោ.កប្រាស់ទំនុកចិត្តនិងប្រាក់ពីអតិថិជនខ្លួនសរុបរាប់សិបម៉ឺនដុល្លារ។ ខណៈក្រុមហ៊ុននេះត្រូវបានដកអាជ្ញាបណ្ណចេញតាំងពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៤មកម្លេះ។
យោងតាមការគូសបញ្ជាក់ពីមហាជនជាច្រើនបានឲ្យដឹងថា ក្រុមហ៊ុនទេសចរណ៍«សកុណា ត្រាវែល»គឺបានបោកលុយអតិថិជន ក៏ដូចជាប្រជាជនខ្មែររាប់សិបម៉ឺនដុល្លារអាមេរិក តាមរយៈរូបភាពមួយចំនួនដូចជា ការទិញកញ្ចប់ធួរដំណើរកម្សាន្ត ប៉ុន្តែបែរជាខកខាននិងមិនព្រមរៀបចំជូនភ្ញៀវឡើយ ហើយអ្នកខ្លះទៀតបានទៅហើយ តែបែរជាគ្មានសំបុត្រយន្តហោះត្រឡប់មកវិញជាដើម។ ក្រសួងទេសចរណ៍ក៏បានគូសបញ្ជាក់កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ថា អតិថិជនសរុប៨២គ្រួសារ បានខាតបង់ប្រាក់ឲ្យក្រុមហ៊ុននេះ ដែលគិតជាទឹកប្រាក់ ប្រមាណ ២៦៥,០០០ដុល្លារអាមេរិក។
អ្វីដែលអាណិតនិងខ្លោចចិត្តនោះ តាមការឲ្យដឹងពីអតិថិជនវ័យចំណាស់ជាច្រើននាក់ ហេតុតែចង់ធ្វើដំណើរកម្សាន្តទៅលេងក្រៅប្រទេស បានសម្រេចចិត្តសន្សំលុយ ដើម្បីទិញកញ្ចប់ដំណើរកម្សាន្តពីក្រុមហ៊ុនទេសចរណ៍ខាងលើ និងបង់ប្រាក់រួចរាល់ហើយ តែក៏ត្រូវបានក្រុមហ៊ុនផ្អាកដំណើរកម្សាន្តវិញ និងមិនព្រមសងថ្លៃខូចខាតឲ្យនោះឡើយ។
សូមរំឭកថា ក្រុមហ៊ុនទេសចរណ៍ សកុណា ត្រាវែល (ខេមបូឌា) ឯ.ក ដែលមានលោកស្រី អ៊ុក រដ្ឋា ជាម្ចាស់អាជ្ញាបណ្ណ មានទីតំាងស្ថិតនៅផ្ទះលេខ ៩៨DE0 ផ្លូវ១០៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ក្រុមហ៊ុននេះ ក៏ត្រូវបានក្រសួងទេសចរណ៍ប្រកាសលុបអាជ្ញាបណ្ណ តំាងពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ មកម្លេះ ព្រោះបានប្រព្រឹត្តខុសនឹងបទប្បញ្ញត្តិទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា។
តែយ៉ាងណា រហូតមកទល់ពេលនេះ ក៏នូវតែមានជនរងគ្រោះជាច្រើននាក់ទៀត ចាញ់បោកក្រុមហ៊ុននេះជាបន្តបន្ទាប់ផងដែរ។ ដូច្នេះហើយ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បង្កើននូវការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ជាពិសេសទាក់ទងនឹងករណីឆបោកតាមរូបភាពផ្សេងៗ ដែលកំពុងតែរីករាលខ្លាំងនាពេលបច្ចុប្បន្ន។ អ្នកទាំងអស់ត្រូវតែស្រាវជ្រាវប្រភពឲ្យបានច្បាស់លាស់ជាមុនសិន និងជៀសវាងជឿស្តាប់តាមគ្នា ឬក៏តាមមេខ្យល់៕










