សហរដ្ឋអាមេរិក៖ ក្រុមហ៊ុនរបស់អាមេរិក Colossal Biosciences មានគោលបំណងស្តារឡើងវិញនូវប្រភេទសត្វដែលផុតពូជ ដោយរំពឹងថាសត្វដំរី Woolly mammoth គឺជាសត្វដំបូងគេដែលអាចកើតឡើងវិញក្នុងរយៈពេលពីរឆ្នាំខាងមុខ។.png)
Woolly mammoth គឺជាសត្វដំរីដែលមានរោមច្រើន និងភ្លុកដ៏សែនវែង ក៏ដូចជាមានទំហំធំជាងដំរីបច្ចុប្បន្ន ប៉ុន្តែវាបានផុតពូជជាង ១ ម៉ឺនឆ្នាំហើយក្នុងកំឡុងយុគសម័យទឹកកក។

ទោះជាយ៉ាងណាសហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Colossal លោក Ben Lamm បាននិយាយថា “ក្នុងរយៈពេលពីរឆ្នាំខាងមុខ យើងនឹងឃើញថនិកសត្វមួយនេះកើតមកក្រៅស្បូន ដោយប្រើបច្ចេកវិទ្យាស្បូនសិប្បនិម្មិត ដែលលូតលាស់ទាំងស្រុងពីអំប្រ៊ីយ៉ុងទៅជាសត្វដែលមានសុខភាពល្អ”។ ស្បូនសិប្បនិម្មិតនឹងផ្តល់មធ្យោបាយដើម្បីលូតលាស់អំប្រ៊ីយ៉ុងដែលមានសុខភាពល្អនៅក្រៅស្បូនធម្មជាតិ ដោយអនុញ្ញាតឱ្យសត្វជិតផុតពូជកើតក្នុងបរិយាកាសដែលមានសុវត្ថិភាព និងអាចគ្រប់គ្រងបានដោយមិនចាំបាច់ពពោះជំនួស។ 
លោក Matt James នាយកប្រតិបត្តិនៃមូលនិធិ Colossal Foundation បាននិយាយថា “ស្បូនសិប្បនិម្មិតគឺជាភាពអស្ចារ្យខាងបច្ចេកទេស និងចាំបាច់សម្រាប់ការអភិរក្ស ដោយសារតែមិនមានតម្រូវការសម្រាប់ម្តាយពពោះទេ” ដូច្នេះបច្ចេកវិទ្យានេះអាចបង្កើនល្បឿននៃការស្តារឡើងវិញនូវប្រភេទសត្វដែលរងការគំរាមកំហែង និងធ្វើឱ្យទីជម្រកសត្វផុតពូជរស់ឡើងវិញ។
យោងតាមក្រុមហ៊ុន សត្វដំរី Woolly mammoth នឹងរស់ឡើងវិញនៅឆ្នាំ ២០២៨ ហើយមនុស្សក៏អាចឃើញប្រភេទសត្វផុតពូជជាច្រើនផ្សេងទៀតរស់ឡើងវិញនៅលើផែនដីផងដែរ។ ទោះជាយ៉ាងណា សាស្ត្រាចារ្យ Love Dalén មកពីសាកលវិទ្យាល័យ Stockholm ដែលបានចូលរួមក្នុងគម្រោងជាមួយ Colossal Biosciences បាននិយាយថា សត្វបុរាណដែលរស់ឡើងវិញទំនងជាមានសមត្ថភាពខុសពីពូជសត្វជំនាន់មុន គ្រាន់តែរូបរាងរបស់ពួកវាគឺដូចគ្នាទៅនឹងសត្វជំនាន់មុនដែរ៕










