សហរដ្ឋអាមេរិក ៖ ពលរដ្ឋអាមេរិកបានសម្រុកដោនឡូតបណ្តាញសង្គមចិនឈ្មោះ Xiaohongshu យ៉ាងច្រើនក្នុងកម្មវិធី App Store របស់ក្រុមហ៊ុន Apple ពីព្រោះពួកគេបារម្ភពីការបិទ TikTok នៅអាមេរិក នាពេលឆាប់ៗ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ។
Xiaohongshu គឺជាបណ្តាញសង្គមចិន ដែលស្រដៀងនឹងបណ្តាញសង្គម Pinterest និង Instagram នៅប្រទេសលោកខាងលិច ។ បណ្តាញសង្គមនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្ហោះអត្ថបទ រូបភាព និងវីដេអូខ្លីៗ ហើយពលរដ្ឋអាមេរិកដែលហៅខ្លួនឯងថា «ក្រុមភៀសខ្លួនពី TikTok» បានដោនឡូតបណ្តាញសង្គមនេះយ៉ាងច្រើន ។
អ្នកលេងបណ្តាញសង្គមនេះ គឺមានទាំងពលរដ្ឋអាមេរិក និងចិន ដោយពួកគេបានជជែកគ្នា ហើយអ្នកលេងបណ្តាញសង្គមចិនសុំឱ្យអ្នកលេងនៅអាមេរិកជួយធ្វើលំហាត់ជាភាសាអង់គ្លេស និងបង្ហោះសត្វចិញ្ចឹមបង្ហាញគ្នាឆ្លងប្រទេស ។ បច្ចុប្បន្ន Xiaohongshu ផ្តោតទៅលើការលក់ផលិតផល ដែលមានចំនួនអ្នកប្រើប្រាស់រហូតដល់ជាង៣០០លាននាក់ក្នុង១ខែ និងទទួលបានចំណូល ១ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ២០២៤ ។
.png)
ការផ្លាស់ប្តូរមកប្រើប្រាស់បណ្តាញសង្គមចិន Xiaohongshu នៅអាមេរិក គឺក្រោយពីតុលាការកំពូលអាមេរិកអះអាងកាលពីដើមខែមករា ឆ្នាំ២០២៥ ថា នឹងអនុវត្តច្បាប់ហាមឃាត់ TikTok ឬបង្ខំឱ្យក្រុមហ៊ុន ByteDance ជាម្ចាស់ TikTok ដែលមានស្នាក់ការធំនៅប្រទេសចិន លក់ TikTok ឱ្យក្រុមហ៊ុនអាមេរិក ។ តុលាការកំពូលបានកំណត់រយៈពេលឱ្យ TikTok សម្រេចចចិត្តត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ មុនពេលប្រកាសសេចក្តីសម្រេច ។
បើទោះជាបច្ចុប្បន្ននេះ ពលរដ្ឋអាមេរិកដែលប្រើប្រាស់ TikTok បានដោនឡូតបណ្តាញសង្គម Xiaohongshu យ៉ាងច្រើនក្តី ប៉ុន្តែការហាមឃាត់ TikTok អាចប៉ះពាល់ដល់បណ្តាញសង្គមផ្សេងទៀតដែលបង្កើតឡើងដោយចិន ដូចជា ៖ Xiaohongshu, WeChat, Lemon8 និង CapCut ៕










