ប្រទេសន័រវេស ៖ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ន័រវេសនឹងក្លាយជាប្រទេសប្រើប្រាស់រថយន្តអគ្គិសនី១០០% ដំបូងគេនៅលើពិភពលោក និងបញ្ឈប់ការលក់រថយន្តប្រេងឥន្ធនៈគ្រប់ប្រភេទ ។ បច្ចុប្បន្ន ពលរដ្ឋន័រវេស ស្មើជាង៥លាននាក់ បានផ្លាស់ប្តូរមកប្រើប្រាស់រថយន្តអគ្គិសនី ។
នៅឆ្នាំ២០២៤ ពលរដ្ឋន័រវេសបានប្រើប្រាស់រថយន្តអគ្គិសនី ចំនួន៧៥៤,៣០៣គ្រឿង (ជាង៧៥ម៉ឺនគ្រឿង) ខណៈរថយន្តប្រេងឥន្ធនៈស្មើត្រឹមតែ៧៥៣,៩០៥គ្រឿងប៉ុណ្ណោះ ។ តាមទិន្នន័យរបស់សមាគមយានយន្តអគ្គិសនីន័រវេស បញ្ជាក់ថា រថយន្តដែលដាក់លក់កាលពីឆ្នាំ២០២៤ ស្មើជាង៨៨.៩% គឺជារថយន្តអគ្គិសនី ។
ចំណែកការប្រើប្រាស់រថយន្តអគ្គិសនីនៅប្រទេសផ្សេងៗ ដូចជា ៖ អង់គ្លេស បានប្រើប្រាស់រថយន្តអគ្គិសនី ស្មើនឹង២០% កាលពីឆ្នាំ២០២៤ ខណៈសហរដ្ឋអាមេរិក ស្មើនឹង៨% ។ ហេតុនេះ ប្រទេសជាច្រើនបានផ្លាស់ប្តូរមកប្រើប្រាស់រថយន្តអគ្គិសនី ដោយសារសហភាពអឺរ៉ុបហាមឃាត់ការលក់រថយន្តប្រេងឥន្ធនៈ នៅឆ្នាំ២០៣៥ ។.png)
តើពលរដ្ឋន័រវេសនិយមប្រើប្រាស់រថយន្តអគ្គិសនីប្រភេទណាខ្លះ? តាមទិន្នន័យរបស់សមាគមយានយន្តអគ្គិសនីន័រវេស បញ្ជាក់ថា ពលរដ្ឋន័រវេសនិយមបើកបររថយន្តអគ្គិសនីរបស់អាមេរិក គឺម៉ាក Tesla Model Y និង Tesla Model 3 ។ ក្រៅពីនេះ ក៏មានរថយន្តអគ្គិសនីម៉ាក Volvo EX30, Volkswagen ID.4, Toyota bZ4X, Skoda Enyaq, Nissan Ariya, Volkswagen ID.3, Audi Q4 e-tron និង Hyundai Kona electric ។
ចាប់ពីឆ្នាំ១៩៩០ រហូតមក រដ្ឋាភិបាលន័រវេសបានកំណត់វិធានការមួយចំនួន ដើម្បីជំរុញឱ្យពលរដ្ឋប្រើប្រាស់រថយន្តអគ្គិសនីកាន់តែច្រើន រួមមាន ៖ ទទួលការលើកលែងពន្ធលើការបំភាយឧស្ម័នពុល, កាត់បន្ថយការបង់ពន្ធផ្លូវ ៥០%, កាត់បន្ថយថ្លៃចំណតរថយន្ត, ជំរុញក្រុមហ៊ុននានាកាត់បន្ថយការលក់រថយន្តប្រេងឥន្ធនៈ និងអ្នកប្រើប្រាស់រថយន្តអគ្គិសនីអាចបើកបរនៅលើផ្លូវរថយន្តក្រុង ។ នេះបើតាមការចុះផ្សាយរបស់ទស្សនាវដ្តី Forbes ។

ការកំណត់គោលនយោបាយទាំងនេះ គឺបានជំរុញឱ្យពលរដ្ឋន័រវេសងាកមកប្រើប្រាស់រថយន្តអគ្គិសនីច្រើននាពេលបច្ចុប្បន្ន ។ ក្រៅពីនេះ ការប្រើប្រាស់រថយន្តអគ្គិសនីបានកាត់បន្ថយការចំណាយផ្សេងៗ និងពុំបញ្ចេញឧស្ម័នពុលប៉ះពាល់បរិស្ថាន ដែលជាមូលហេតុនៃបញ្ហាអាកាសធាតុ ៕










