រមណីយដ្ឋានវត្តវិហារសសរ ១០០ ដែលមានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ គឺជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ដដ៏ចំណាស់មួយរបស់ប្រទេសកម្ពុជា។ វត្តនេះកសាងឡើងនៅសតវត្សទី១៦ ក្នុងរាជកាលស្ដេចអង្គច័ន្ទរាជា ដោយសង់ពីឈើដែលមានសសរចំនួន ១០០ ដើម។ នៅសម័យប៉ុល-ពត ព្រះវិហារត្រូវបានរុះរើបំផ្លាញអស់មួយភាគធំ ហើយក្រោយមកព្រះវិហារនេះក៏ត្រូវបានភ្លើងឆេះ ដោយសារតែគ្រោះធម្មជាតិរន្ទះបាញ់ផងដែរ។ 
ប៉ុន្តែបច្ចុប្បន្នព្រះវិហារសសរ ១០០ ត្រូវបានជួសជុលរួចរាល់ហើយ ដោយបានកសាងឡើងវិញពីឥដ្ឋ លើទីតាំងចាស់ដែលមានសសរចំនួន ១២៦ ដើម។ វត្តវិហារសសរ ១០០ គឺជាវត្តមួយក្នុងចំណោមវត្តដែលមានព្រះវិហារបែរមុខទៅទិសទាំងបួនផ្សេងៗគ្នា។ ដូច្នេះដើម្បីធ្វើដំណើរទៅកាន់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ដនេះ លោកអ្នកត្រូវធ្វើដំណើរចេញពីក្រុងក្រចេះ តាមផ្លូវលេខ ៣៧៧ ក្នុងរយៈចម្ងាយប្រមាណ ៣៦ គីឡូម៉ែត្រ។
.jpg)
នៅពេលទៅដល់ភ្ញៀវទេសចរនឹងឃើញមុខព្រះវិហារដ៏ធំស្កឹមស្កៃ ទ្រទ្រង់ដោយសសរខ្ពស់ត្រដែតចំនួន ១២៦ ដើម រួមទាំងអាចឡើងព្រះវិហារធំ ដើម្បីទស្សនាសសរព្រះវិហារ ចូលចាក់គម្ពីរនៅលើព្រះវិហារធំ ទស្សនាកន្លែងគំនូរប្រវត្តិសាស្ត្រ ក៏ដូចជាទស្សនាចេតិយបុរាណដែលមានបញ្ចុះអដិ្ឋធាតុសែរាជវង្សខ្មែរ ជាពិសេសអដ្ឋិធាតុបុត្រីរបស់ព្រះបាទចន្ទរាជាតែម្តង។

លើសពីនេះលោកអ្នកក៏អាចទស្សនាមណ្ឌលអភិរក្សាអណ្តើក-កន្ធាយមេគង្គ ស្រូបយកខ្យល់អាកាសធម្មជាតិនៅទីនោះ ដើរជុំវិញបរិវេណព្រះវិហារដ៏សែនត្រជាក់ត្រជុំ ដោយមានម្លប់ព្រៃឈើបៃតងជាច្រើនអមសងខាង បង្កើតបានជាទិដ្ឋភាពដ៏ស្ងប់ស្ងាត់ និងស្រស់ស្រាយបំផុត។ គួរបញ្ជាក់ដែរថា នៅពេលលោកអ្នកទៅទស្សនាវត្តវិហារសសរ ១០០ ត្រូវតែស្លៀកពាក់ឱ្យបានសមរម្យព្រោះទីនេះជាវត្តអារ៉ាម ហើយលោកអ្នកក៏គួរចំណាយពេល ១ ម៉ោងដើម្បីទស្សនារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ដនេះឱ្យសព្វជ្រុងជ្រោយផងដែរ៕









