សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានបដិសេធការអញ្ជើញមកចូលរួមពិធីកាន់តំណែងជាប្រធានាធិបតីអាមេរិករបស់ លោក Donald Trump នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ប៉ុន្តែលោកនឹងបញ្ជូនមន្ត្រីស្ថានទូតជាន់ខ្ពស់មកចូលរួមជំនួស ។ នេះបើតាមការចុះផ្សាយរបស់កាសែត Financial Times កាលពីថ្ងៃទី៩ ខែមករា កន្លងមក ។
.png)
តាមប្រភពជិតស្និទ្ធជាមួយប្រធានាធិបតីចិន បញ្ជាក់ថា មន្ត្រីស្ថានទូតជាន់ខ្ពស់របស់ចិននឹងចូលរួមពិធីកាន់តំណែងរបស់លោក Trump ជំនួសលោក ស៊ី ជិនពីង ហើយមន្ត្រីស្ថានទូតរូបនេះនឹងពិភាក្សាបញ្ហាមួយចំនួនជាមួយក្រុមការងារលោក Trump ។ រីឯស្ថានទូតចិននៅទីក្រុងវ៉ាស៊ីនតោន និងក្រុមការងាររបស់លោក Trump ពុំបាននិយាយអ្វីពាក់ព័ន្ធនឹងការលើកឡើងនេះទេ ។

លោក Trump បានបញ្ជូនលិខិតអញ្ជើញទៅលោក ស៊ី ជិនពីង កាលពីខែធ្នូ ឆ្នាំ២០២៤ ហើយអ្នកជំនាញនិយាយនាពេលនោះថា វាពុំអាចទៅរួចទេ ដែលមេដឹកនាំចិននឹងមកចូលរួមពិធីកាន់តំណែងរបស់លោក Trump វាគ្រាន់តែជាល្ខោននយោបាយប៉ុណ្ណោះ ។ លោក Trump បានថ្លែងកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ ថា លោកបានជជែកជាមួយលោក ស៊ី ជិនពីង តាមរយៈមន្ត្រីតំណាង ហើយលោកជឿថា មេដឹកនាំទាំង២រូបនឹងចុះសម្រុងគ្នាពេលលោកកាន់តំណែងអាណត្តិទី២ ។.png)
អ្នកជំនាញបន្តថា ពេលលោក Trump កាន់តំណែងជាប្រធានាធិបតីលើកនេះ គឺសហរដ្ឋអាមេរិកនឹងប្រឈមមុខជាមួយចិនខ្លាំងជាងអាណត្តិមុន ដោយសារលោកបាននិយាយក្នុងពេលរកសំឡេងឆ្នោតថា នឹងដំឡើងពន្ធទំនិញចិនខ្ពស់រហូតដល់ជាង៦០% ដើម្បីឱ្យរដ្ឋាភិបាលក្រុងប៉េកាំងដោះស្រាយបញ្ហាការលួចនាំចូលថ្នាំញៀនមកសហរដ្ឋអាមេរិក ។
ចំណែកក្រសួងការបរទេសចិនបានបញ្ជាក់កាលពីថ្ងៃទី៧ ខែមករា ថា រដ្ឋាភិបាលក្រុងប៉េកាំងផ្តល់ភាពសំខាន់យ៉ាងខ្លាំងចំពោះការលើកឡើងរបស់លោក Trump ហើយចិនតាំងចិត្តជំរុញស្ថិរភាព ពង្រឹងសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ៕










