Elon Musk, Jeff Bezos និង Mark Zuckerberg សុទ្ធតែជាកំពូលមហាសេដ្ឋីល្បីៗនៅលើពិភពលោក ដោយពួកគាត់បានចែករំលែកដំបូន្មានល្អៗជាច្រើនសម្រាប់អ្នកដែលចង់បានជីវិតជោគជ័យ។ ជាការពិតណាស់អ្នកទាំងបីមិនត្រឹមតែល្បីល្បាញដោយសារការច្នៃប្រឌិតបច្ចេកវិទ្យាជឿនលឿនប៉ុណ្ណោះទេ ពួកគាត់ក៏មានទស្សនវិជ្ជាដ៏រឹងមាំ និងឆ្លាតវៃផងដែរ។ ខាងក្រោមនេះគឺជាទស្សនវិជ្ជាដ៏មានតម្លៃរបស់មហាសេដ្ឋីពិភពលោក។
១. Elon Musk៖ Elon Musk បានប្រកាន់ភ្ជាប់នៅទម្លាប់គោរពពេលវេលា និងឧស្សាហ៍ព្យាយាម។ លោកបាននិយាយថា ភាពខ្ជិល និងការពន្យាពេល ធ្វើអ្វីមួយយឺតយ៉ាវ គឺជាទម្លាប់ដ៏អាក្រក់បំផុត ដែលអាចធ្វើឱ្យមនុស្សបរាជ័យក្នុងជីវិត។ ដូច្នេះលោកជឿថា ភាពជោគជ័យគឺជាដំណើរការដ៏វែងមួយ ដែលទាមទារឱ្យមានការតស៊ូ ឧស្សាហ៍ព្យាយាម ការអំណត់អត់ធន់ និងការខិតខំប្រឹងប្រែងឥតឈប់ឈរ។ មហាសេដ្ឋី Elon Musk បានចែករំលែកបន្តថា លោកបានប្រឈមមុខជាមួយការបរាជ័យ និងបញ្ហាដែលហាក់ដូចជាមិនអាចយកឈ្នះបាន។ ប៉ុន្តែដោយសារការតស៊ូ និងការតាំងចិត្តមិនចុះចាញ់ រួមទាំងការគោរពពេលវេលា លោកក៏បានយកឈ្នះក្នុងរឿងគ្រប់យ៉ាង។
២. Jeff Bezos៖ Jeff Bezos ដែលជាមហាសេដ្ឋីទីពីររបស់ពិភពលោកបានប្រកាន់ភ្ជាប់នៅទម្លាប់គ្រប់គ្រងអារម្មណ៍។ លោកបាននិយាយថា ភាពវៃឆ្លាតខាងអារម្មណ៍ (EQ) គឺជាកត្តាចាំបាច់ និងសំខាន់បំផុតដែលមិនអាចខ្វះបានក្នុងដំណើរឆ្ពោះទៅរកភាពជោគជ័យរបស់មនុស្ស។ ស្ថាបនិក Amazon ណែនាំមនុស្សឱ្យយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍កត្តានេះ ដោយលោកជឿថា បុគ្គលដែលមានភាពវៃឆ្លាតខាងផ្លូវអារម្មណ៍ និងអាចគ្រប់គ្រងអារម្មណ៍បានល្អ មិនងាយខឹងផ្តេសផ្តាស់ គឺជាមនុស្សអស្ចារ្យបំផុតអាចកំណត់ជោគវាសនាជីវិតរបស់ខ្លួនបាន។
.png)
មនុស្សទាំងនេះមិនងាយស្ត្រេស ឬបាក់ទឹកចិត្តដោយសារការលំបាកឡើយ ពួកគេតែងតែរក្សាអាកប្បកិរិយាវិជ្ជមាន ខិតខំប្រឹងប្រែងឥតឈប់ឈរ និងមានឆន្ទៈក្នុងការរៀនអភិវឌ្ឍខ្លួនជានិច្ច។ មហាសេដ្ឋីរូបនេះក៏បានបន្តទៀតថា មនុស្សដែលឆាប់ខឹង ឆៀវឆាវ មិនចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង នឹងជួបប្រទះការលំបាកជាច្រើនទាំងក្នុងជីវិត និងការងារ។
៣. Mark Zuckerberg៖ នាយកប្រតិបត្តិ Meta លោក Mark Zuckerberg បានប្រកាន់ភ្ជាប់នៅទម្លាប់នៃការដាក់ខ្លួន ឬបន្ទាបខ្លួន។ មេរៀនដ៏សំខាន់មួយដែល Mark តែងតែចែករំលែកគឺការនៅឱ្យឆ្ងាយពីភាពក្រអឺតក្រទម ដោយលោកបានសង្កត់ធ្ងន់ថា ភាពជោគជ័យមិនអាចសម្រេចបានឡើយ ប្រសិនបើអ្នកមិនចេះបន្ទាបខ្លួនក្នុងការទំនាក់ទំនងជាមួយសង្គម។ មនុស្សដែលគិតតែពីខ្លួនឯង ហើយមិនព្រមស្តាប់អ្នកដ៏ទៃ ងាយធ្លាក់ចូលទៅក្នុងភាពបរាជ័យណាស់ និងមិនអាចអភិវឌ្ឍខ្លួនបាននោះទេ។ ដូច្នេះអ្នកត្រូវចាំថា គ្មាននរណាម្នាក់អាចជោគជ័យតែម្នាក់ឯងបានឡើយ បើគ្មានកិច្ចសហប្រតិបត្តិការ ការទំនាក់ទំនង និងការរៀនសូត្រពីអ្នកដទៃ៕.png)










