ថ្ងៃទី ៧ មករា នៅម៉ោងជាង១១ព្រឹក វីដេអូចម្រៀង «APT» របស់ Rosé សមាជិក BLACKPINK សហការជាមួយ Bruno Mars មានការចូលមើលលើសពី ៨០០ លានដងនៅលើ YouTube ។ បទនេះចេញដំបូងនៅថ្ងៃទី១៨ ខែតុលា ដែលមានន័យថាបទនេះចំណាយពេលជាង ៨១ ថ្ងៃ និង ១០ ម៉ោងដើម្បីសម្រេចបាននូវស្នាដៃនេះ។

សមិទ្ធិផលមិនគួរឱ្យជឿនេះបានធ្វើឱ្យ «APT»ក្លាយជាវីដេអូចម្រៀង K-pop លឿនបំផុតដែលមានអ្នកចូលមើលដល់ទៅ ៨០០ លានដង ដោយបំបែកកំណត់ត្រាពីមុនដែលបានកំណត់ដោយបទ «Gangnam Style» ឆ្នាំ២០១២ របស់ PSY ដែលចំណាយពេល ១៣១ ថ្ងៃដើម្បីឈានដល់កម្រិតដូចគ្នា។ 
នៅទូទាំងពិភពលោក បទនេះបានជាប់ចំណាត់ថ្នាក់ជាវីដេអូចម្រៀងលឿនបំផុតទីបួនដែលមិនធ្លាប់មាន ដើម្បីសម្រេចបាននូវចំណុចសំខាន់ ដែលល្អបំផុតបន្ទាប់ពីបទ Hello របស់ Adele, Shape of You របស់ Ed Sheeran និងបទ Mi Gente របស់ J. Balvin និង Willy William។
ជាមួយគ្នានេះ Rosé បង្កើតកំណត់ត្រាមួយផ្សេងទៀត។ ‘APT’ បានឡើងដល់ចំណាត់ថ្នាក់ទី ៥ នៅលើតារាងបទចម្រៀងសំខាន់របស់ Billboard គឺ ‘Hot 100’ ត្រឹមតែបីខែបន្ទាប់ពីការចេញផ្សាយរបស់វាខណៈកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅចំណាត់ថ្នាក់លេខ ៨ ។ ជាមួយនឹងសមិទ្ធិផលនេះ Rosé ក្លាយជាតារា K-pop នារីដំបូងគេដែលជាប់ចំណាត់ថ្នាក់TOP5 នៃ Billboard Hot 100។ លើសពីនេះ «APT» បានជាប់ចំណាត់ថ្នាក់លេខ ២ នៅលើតារាងបទចម្រៀងផ្លូវការរបស់ចក្រភពអង់គ្លេស ‘Top 100’ នៅថ្ងៃទី ៣ មករា ដោយពង្រឹងភាពជោគជ័យជាសាកលរបស់ខ្លួន។ ភាពល្បីល្បាញនៃបទ «APT» សូម្បីតែក្មេងៗក៏អាចច្រៀងនិងរាំបទនេះបានយ៉ាងរីករាយ៕










