សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិកថ្មី លោក Donald Trump ថ្លែងថា ប្រទេសកាណាដាគួរតែក្លាយជារដ្ឋទី៥១ របស់អាមេរិកជាផ្លូវការ ក្រោយពីនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau លាលែងពីតំណែង ។ លោក Justin បានប្រកាសលាលែងពីតំណែងរបស់ខ្លួន កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងអុតតាវ៉ា ក្រោយកាន់តំណែងរយៈពេល៩ឆ្នាំ ។

លោក Justin អាយុ៥៣ឆ្នាំ បានប្រកាសលាលែងពីតំណែងជាប្រធានគណបក្សរដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីកាណាដា ហើយលោកនឹងបន្តធ្វើជានាយករដ្ឋមន្ត្រីស្តីទី រហូតដល់ការបោះឆ្នោតជ្រើសរើសប្រធានគណបក្សថ្មី នៅចុងខែតុលា ឆ្នាំ២០២៥ និងក្លាយជានាយករដ្ឋមន្ត្រីបន្តពីលោក ។ លោកសម្រេចចិត្តបែបនេះ ព្រោះពុំអាចធ្វើជាប្រធានគណបក្សសេរីនិយមក្នុងការបោះឆ្នោតអាណត្តិក្រោយ ហើយការលាលែងនឹងអាចកាត់បន្ថយកំដៅ ។

លោក Trump បានសរសេរក្នុងបណ្តាញសង្គម កាលពីថ្ងៃទី៦ ខែមករា ថា ពលរដ្ឋកាណាដាជាច្រើនចង់ឱ្យប្រទេសពួកគេក្លាយជារដ្ឋទី៥១ របស់អាមេរិក ។ បើកាណាដាក្លាយជារដ្ឋទី៥១ គឺអាមេរិកនឹងពុំដំឡើងពន្ធទំនិញកាណាដាទេ អាមេរិកនឹងការពារកាណាដាពីការគំរាមកំហែងរបស់កងទ័ពរុស្ស៊ី និងចិន ហើយពេលរួមប្រទេសបញ្ចូលគ្នា យើងនឹងក្លាយជាប្រទេសមានទឹកដីធំ ។

ការលាលែងពីតំណែងរបស់លោក Justin ក្រោយពីមានការដាក់សម្ពាធខ្លាំងពីក្នុងគណបក្ស និងក្រៅគណបក្ស ហើយមតិនានាជឿថា អាចមកពីការគំរាមដំឡើងពន្ធទំនិញកាណាដា និងម៉ិកស៊ិក ស្មើ២៥% របស់អាមេរិក ។ លោក Trump ថ្លែងថា ប្រទេសជិតខាងទាំងពីរបានបណ្តោយឱ្យពលរដ្ឋភៀសខ្លួនខុសច្បាប់, លក់ថ្នាំញៀន និងប្រព្រឹត្តបទល្មើសនៅអាមេរិក ហើយប្រទេសទាំងពីរមានឱនភាពពាណិជ្ជកម្មជាមួយអាមេរិកកាន់តែខ្លាំង និងល្មើសសន្ធិសញ្ញាពាណិជ្ជកម្មសេរី ។.png)
កាលពីដើមខែធ្នូ ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីកាណាដាបានធ្វើដំណើរទៅលំនៅឋានរបស់លោក Trump ដើម្បីពិភាក្សាពីការដំឡើងពន្ធទំនិញកាណាដា ។ ពេលមេដឹកនាំទាំង២រូប ទទួលទានអាហារពេលល្ងាចនៅរីសត លោក Trump ហៅលោក Justin ថា ជាអភិបាលខេត្តកាណាដា ហើយលោកនិយាយថា កាណាដាគួរក្លាយជារដ្ឋទី៥១ របស់អាមេរិក ៕









