កោះទន្សាយ នឹងប្រែក្លាយទៅជាទិសដៅទេសចរណ៍ដ៏សំខាន់មួយប្រកបដោយទំនើបភាព ក្រោយពីកំពង់ផែទេសចរណ៍ថ្មីសាងសង់រួចរាល់១០០ភាគរយ។
គម្រោងសាងសង់កំពង់ផែនៅលើកោះទន្សាយនេះ ជាគម្រោងដែលគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី(ADB) តម្លៃ១.៦លានដុល្លារ។
កំពង់ផែនេះ នឹងជួយលើកកម្ពស់វិស័យទេសចរណ៍របស់ខេត្ត ជាពិសេសសម្រាប់ប៉ូលអភិវឌ្ឍន៍ទេសចរណ៍តំបន់ប្រជុំកោះទាំងនេះស្ថិតក្នុង “ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបឆ្នាំ២០២៣-២០៣៥” ក្នុងការប្រែក្លាយខេត្តកែបជាគោលដៅទេសចរណ៍ធម្មជាតិ និងសមុទ្រសម្រាកកម្សាន្តបែបប្រណិតកម្រិតខ្ពស់ ។
កោះទន្សាយគ ជារមណីយដ្ឋានធម្មជាតិដ៏មានសក្តានុពលប្រចាំខេត្តកែប ដោយមានលក្ខណៈអំណោយផលពីធម្មជាតិ ទេសភាពស្រស់ស្អាត និងមានឆ្នេខ្សាច់ពណ៌សដ៏ស្រស់ត្រកាលរួមជាមួយខ្យល់អាកាសដ៏បរិសុទ្ធ។
នៅក្នុងការធ្វើដំណើរទៅកោះនេះ ភ្ញៀវទេសចរត្រូវចំណាយ២៥ដុល្លារក្នុងមួយទូក ដែលអាចជិះបានមនុស្ស១០នាក់ ដោយចំណាយពេលប្រមាណជា៣០នាទី៕









