ជឿជាក់ថា ប្រជាជនខ្មែរគ្រប់ៗរូបប្រាកដជាចងចាំយ៉ាងច្បាស់អំពីរបបប្រល័.យពូ.ជសា.សន៍ខ្មែរក្រហម ដឹកនាំដោយប៉ុល ពត ដែលមានរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ (ឆ្នាំ ១៩៧៥ ដល់ ១៩៧៩)។
ក្នុងរបបនេះ ប្រជាជនខ្មែរ ត្រូវបានទាហានខ្មែរក្រហម ធ្វើទុក្ខបុកម្និញ បង្ខំឲ្យធ្វើការហួសកម្លាំង ធ្វើទារុណកម្ម ហូបចុក-សម្រាកមិនបានគ្រប់គ្រាន់ ត្រូវបាត់បង់សាច់ញាតិ និងសម្លាប់រង្គាល។ សម័យកម្ពុជាប្រជាធិបតេយយ្យពឹងផ្អែកយ៉ាងសំខាន់លើវិស័យកសិកម្ម ជាពិសេសគឺដំណាំស្រូវ ហើយដាក់ចេញនូវផែនការ ៤ ឆ្នាំ (ដេករួម ហូបរួម និងធ្វើការរួម) អង្គការតម្រូវឲ្យប្រជាជនផលិតស្រូវជាមធ្យម ៣ តោនក្នុងមួយឆ្នាំ លើផ្ទៃដី ១ហិកតា។
បន្ថែមពីនេះ ប្រជាជនខ្មែរគ្មានសិទ្ធសេរីភាព គ្មានជំនឿសាសនាឡើយ ដោយពួកគេត្រូវតែជឿនិងគោរពតាមអង្គការម្នាក់ប៉ុណ្ណោះ ខណៈដែលការរៀបអាពាហ៍ពិពាហ៍ក៏ត្រូវបានអង្គការជាអ្នកកំណត់និងចាប់គូរឲ្យដែរ។ យ៉ាងណា បើក្រឡេកទៅកាន់ទីវត្តអារាមនិងទីប្រវត្តិសាស្រ្តនានា ក៏ត្រូវបានកងទ័ពខ្មែរក្រហមវាយកំទេចចោលអស់ ខណៈវត្ថុបុរាណក៏ត្រូវបានដឹកជញ្ជូនយកទៅលក់ ក៏ដូចជាត្រូវបានលួចពីប្រទេសជិតខាង។ ចំពោះផ្នែកវប្បធម៌ និងទំនៀមទម្លាប់ប្រពៃណីវិញ ក្នុងរយៈពេលជិត ៤ ឆ្នាំក្នុងរបបនេះមិនអនុញ្ញាតិឲ្យប្រារព្ធប្រតិបត្តិនោះទេ ខណៈដែលអ្នកប្រាជ្ញ គ្រូបារអាចារ្យមួយចំនួនក៏ត្រូវបានពួកគេសម្លាប់ចោលផងដែរ។
យ៉ាងណា របបដ៏ខ្មៅងងឹតនេះបានដួលរំលំវិញ នៅថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលនាំឲ្យប្រជាជនខ្មែរមួយប្រទេសអបអរសាទរនិងរំលឹកដល់ថ្ងៃជ័យជំនះ ៧ មករានេះជារៀងរាល់ឆ្នាំ។ ក្នុងឆ្នាំ ២០២៥ នេះគឺជាខួបលើកពី ៤៦ ហើយ ដែលកម្ពុជាត្រូវបានរំដោះចេញ ប្រទេសជាតិទទួលបានសុខសន្តិភាពពេញលេញ ក៏ដូចជាបន្តស្តារឲ្យមានភាពរីកចម្រើនលើគ្រប់វិស័យផងដែរ៕









