ប្រទេសថៃ ៖ ពលរដ្ឋរស់នៅបរិវេណក្រោយវត្តថាឆាង ស្ថិតក្នុងឃុំខោថាព្រះ ស្រុកមឿង ខេត្តឆៃណាត ប្រទេសថៃ បានបង្ហាញក្តីបារម្ភពីជំងឺឆ្លងរាតត្បាត ក្រោយពេលសត្វស្លាបរាប់ពាន់ក្បាលធ្វើសំបុកនៅតាមដើមឈើក្បែរភូមិ ។ លើសពីនេះ ថែមទាំងមានក្លិនលាមកសត្វស្អុយសាយភាយប៉ះពាល់ដល់សុខភាពទៀតផង ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ។
.png)
ក្រៅពីសត្វស្លាបយំឮខ្លាំងតាំងពីព្រឹកព្រលឹម រហូតដល់ក្បាលព្រលប់ គឺនៅពេលមានខ្យល់បក់ម្តងៗ លាមកស្ងួតរបស់វានៅតាមមែកឈើ ក៏បានក្លាយជាកម្ទេចតូចៗសាយភាយទៅជាប់បរិវេណផ្ទះអ្នកស្រុក ។ ពលរដ្ឋបារម្ភថា កម្ទេចលាមកសត្វស្លាបនឹងបង្កជាជំងឺឆ្លងរាតត្បាតដល់សត្វស្លាបផ្សេងទៀត ហើយធ្វើឱ្យសត្វចិញ្ចឹមរបស់ពួកគេងាប់ ។ ម្យ៉ាងទៀត លាមកសត្វស្លាបនឹងប៉ះពាល់ដល់សុខភាពមនុស្សផងដែរ ជាពិសេស មនុស្សចាស់ និងក្មេងតូចៗ ។
លោក សាន់ទិ អាយុ៤៥ឆ្នាំ ជាអ្នកស្រុករស់នៅស្រុកមឿង ខេត្តឆៃណាត និយាយថា ផ្ទះរបស់លោកនៅឆ្ងាយពីដើមឈើដែលសត្វស្លាបធ្វើសំបុក ក្នុងចម្ងាយត្រឹមតែ៣០ម៉ែត្រប៉ុណ្ណោះ ហើយធ្វើឱ្យលោក និងក្រុមគ្រួសារធុំក្លិនស្អុយលាមកសត្វគ្រប់ពេលវេលា ។ លាមកសត្វនឹងស្អុយកាន់តែខ្លាំងឡើងនៅពេលយប់ រហូតដល់កូនចៅរបស់លោកសម្រាកលែងលក់ ។

លោកបារម្ភខ្លាចកូនស្រីឆ្លងមេរោគតាមខ្យល់ ពីព្រោះកូនរបស់លោក កំពុងមានបញ្ហាសុខភាព ។ ហេតុនេះ សូមឱ្យស្ថាប័នពាក់ព័ន្ធចុះមកត្រួតពិនិត្យ និងដោះស្រាយបញ្ហាឱ្យពលរដ្ឋជាបន្ទាន់ ដូចជា ៖ បាញ់ថ្នាំសម្លាប់មេរោគ ។
រីឯពលរដ្ឋម្នាក់ទៀតនិយាយថា វាអាចនឹងមានជំងឺឆ្លងរាតត្បាតផ្សេងទៀត ពីព្រោះនៅសុខៗ សត្វស្លាបទាំងនេះបែរជានាំកូនចៅមកធ្វើសំបុកក្បែរភូមិអ្នកស្រុក ។ ខ្លួនពុំធ្លាប់ឃើញពួកវាមករស់នៅបរិវេណនេះទេ នាពេលកន្លងមក ៕










