សហរដ្ឋអាមេរិក ៖ ផលប៉ះពាល់បរិស្ថានដោយសារកាកសំណល់ផ្លាស្ទិក នៅតែជាបញ្ហាមួយដែលប្រទេសនានាពិបាកដោះស្រាយ ដូចជា ៖ បំណែកផ្លាស្ទិករាប់លានបានអណ្តែតក្នុងមហាសមុទ្រ និងប្រភពទឹកផ្សេងៗ ។ រីឯផ្លាស្ទិកដែលត្រូវគេកប់ក្នុងដី ឬកន្លែងចាក់សំរាម វាមិនងាយរលាយក្នុងរយៈពេលខ្លីទេ ហើយសូម្បីតែក្នុងខ្លួនមនុស្ស ក៏មានមីក្រូផ្លាស្ទិកដែរ ។

ប្រទេសមហាអំណាចនានា ដូចជា សហរដ្ឋអាមេរិកមានបញ្ហាក្នុងការកែច្នៃផ្លាស្ទិក ហើយក្នុង១ឆ្នាំៗ អាមេរិកបានយកផ្លាស្ទិកមកកែច្នៃឡើងវិញសម្រាប់ប្រើប្រាស់ជាប្រយោជន៍ ត្រឹមតែ១០% ប៉ុណ្ណោះ ។ ហេតុនេះ កាកសំណល់ផ្លាស្ទិកជាច្រើនទៀតដែលត្រូវបានកប់ចោលក្នុងដី គឺវានឹងចំណាយពេលរលាយជាច្រើនឆ្នាំ ។.png)
លោក Jason Bara សាស្ត្រាចារ្យ និងជាអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Alabama សហរដ្ឋអាមេរិក បានរកឃើញវិធីកម្ទេចផ្លាស្ទិកទាំងស្រុងយ៉ាងមានប្រសិទ្ធភាព ហើយវិធីនេះនឹងជួយឱ្យពិភពលោក អាចដោះស្រាយបញ្ហាកាកសំណល់ផ្លាស្ទិកប៉ះពាល់បរិស្ថាន ។ ការស្រាវជ្រាវរបស់លោកទទួលបានការគាំទ្រពីមូលនិធិវិទ្យាសាស្ត្រជាតិ ក្នុងគោលបំណងកាត់បន្ថយកាកសំណល់ផ្លាស្ទិក ។

លោកបានសាកល្បងសារធាតុម្យ៉ាងឈ្មោះថា «Imidazole» ដែលសម្រាប់ប្រើប្រាស់ក្នុងថ្នាំលាប និងការបោះពុម្ភ ដោយសារលោកចង់ដឹងថា តើសារធាតុនេះអាចកម្ទេចផ្លាស្ទិកដោយរបៀបណា? ក្រោយមក លោករកឃើញថា ផ្លាស្ទិកក្នុងបន្ទប់ពិសោធន៍ ដែលលោកបានសាកល្បងជាមួយសារធាតុ Imidazole បានរលាយបាត់អស់គ្មានសល់ ។
ការប្រើប្រាស់សារធាតុ Imidazole ដើម្បីកម្ទេចកាកសំណល់ផ្លាស្ទិក គឺមានប្រសិទ្ធភាពជាងវិធីកម្ទេចផ្លាស្ទិកនាពេលបច្ចុប្បន្ន និងអាចកាត់បន្ថយការចំណាយដើមទុនទៀតផង ។ លោកសង្ឃឹមថា ប្រទេសនានានឹងអាចកាត់បន្ថយកាកសំណល់ផ្លាស្ទិកយ៉ាងច្រើន នាថ្ងៃអនាគត ។ 
លោក Jason នឹងពុំបញ្ឈប់ការស្រាវជ្រាវត្រឹមនេះទេ គឺលោកមានគោលដៅស្រាវជ្រាវពីវិធីកម្ទេចវត្ថុពិបាករលាយផ្សេងទៀត ដូចជា ៖ សំបកវេចខ្ចប់ផលិតពីស្នោ ដោយសារវាក្លាយជាសំរាមដ៏ច្រើនលើសលប់ ។ បើការស្រាវជ្រាវរបស់លោកទទួលបានជោគជ័យ វានឹងអាចជួយគ្រប់គ្រងបរិមាណកាកសំណល់លើពិភពលោក ៕










