ប្រទេសវ៉េណេស៊ុយអេឡា ៖ តុលាការនៅប្រទេសវ៉េណេស៊ុយអេឡា បានសម្រេចពិន័យ TikTok ស្មើទឹកប្រាក់១០លានដុល្លារអាមេរិក ដោយសារបណ្តាញសង្គមនេះបណ្តោយឱ្យមានការចែកចាយវីដេអូមានខ្លឹមសារគ្រោះថ្នា.ក់ គឺបង្ហាញពីការហិតក្លិនសារធាតុគីមី ។ ក្រោយពីវីដេអូត្រូវបានចែកចាយធ្វើឱ្យយុវវ័យមួយចំនួនធ្វើត្រាប់តាមរហូតដល់បាត់បង់ជីវិត និងយុវវ័យជាច្រើននាក់ទៀតប៉ះពាល់សុខភាពខ្លាំងត្រូវបញ្ជូនទៅមន្ទីរពេទ្យ ។

យុវ័យ៣នាក់បានស្លាប់ ក្រោយពីពួកគេធ្វើតាមវីដេអូហិតក្លិនសារធាតុគីមីនេះ ហើយមានយុវវ័យរហូតដល់ជាង២០០នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ។ រដ្ឋាភិបាលនឹងយកប្រាក់បានពីការពិន័យ TikTok ផ្តល់ឱ្យក្រុមគ្រួសារសាកសព និងយុវវ័យដែលត្រូវគេបញ្ជូនទៅមន្ទីរពេទ្យ ដោយរដ្ឋាភិបាលទុកពេលឱ្យ TikTok បង់ប្រាក់ពិន័យមិនឱ្យលើសពី៨ថ្ងៃ ក្រោយការប្រកាស ។.png)
ប្រសិនបើ TikTok ពុំព្រមបង់ប្រាក់ពិន័យ ឬបង់ប្រាក់ពិន័យមិនត្រឹមត្រូវតាមពេលកំណត់ទេនោះ រដ្ឋាភិបាលនឹងចាត់វិធានការបន្តទៀត ។ ប៉ុន្តែតុលាការវ៉េណេស៊ុយអេឡាពុំបានបញ្ជាក់ថា វិធានការបន្ទាប់ជាអ្វីទេ ។
ប្រទេសជាច្រើនបានរឹតបន្តឹងការប្រើប្រាស់ TikTok ពីព្រោះសង្ស័យថា បណ្តាញសង្គមនេះពាក់ព័ន្ធជាមួយរដ្ឋាភិបាលចិន គឺការបញ្ជូនទិន្នន័យអ្នកប្រើប្រាស់នៅក្រៅប្រទេសទៅឱ្យរដ្ឋាភិបាលចិន ។ TikTok បានបណ្តោយឱ្យមានការចែកចាយវីដេអូគ្រោះថ្នាក់ និងធ្វើឱ្យប្រទេសនានាបារម្ភយ៉ាងខ្លាំងពីការខុសសីលធម៌ ដោយសារអ្នកប្រើប្រាស់ភាគច្រើនជាក្រុមយុវវ័យឈាមរាវ ពុំសូវចេះគិតវែងឆ្ងាយនាំគ្នាធ្វើតាមវីដេអូរហូតដល់បាត់បង់ជីវិត ។
.png)
ជាក់ស្តែង យុវវ័យរស់នៅប្រទេសជាច្រើនបានធ្វើតាមវីដេអូក្នុង TikTok គឺការច្របាច់កអ្នកដទៃរហូតដល់បាត់បង់ស្មារតី ទើបលែងដៃវិញ ។ ប្រទេសនានាចាត់ទុកថា វីដេអូបែបនេះគ្រោះថ្នាក់ខ្លាំងណាស់ដែលមានយុវវ័យធ្វើតាម ហើយស្លាប់អស់ជាច្រើននាក់ ។ ក្រៅពីនេះ ក៏មានវីដេអូលេបថ្នាំហួសកម្រិតត្រូវបានចែកចាយក្នុងបណ្តាញសង្គមនេះផងដែរ ។
ចំណែកអ្នកនាំពាក្យរបស់ TikTok បញ្ជាក់ថា ពួកគេព្យាយាមគ្រប់គ្រងការចែកចាយវីដេអូមានគ្រោះថ្នាក់យ៉ាងតឹងរ៉ឹង ហើយបានវិនិយោគប្រាក់យ៉ាងច្រើនបង្កើតប្រព័ន្ធការពារមិនឱ្យចែកចាយខ្លឹមសារគ្រោះថ្នាក់ ។ លើសពីនេះ TikTok ក៏បានដាស់តឿនពីវីដេអូគ្រោះថ្នាក់, កំណត់អាយុអ្នកប្រើប្រាស់ ហើយយុវវ័យអាចមើលឃើញតែវីដេអូណាដែលបង្ហាញខ្លឹមសារតាមអាយុពួកគេប៉ុណ្ណោះ ៕










