បំណាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ឆ្នាំ២០២៥ បានប្រព្រឹត្តិដោយរលូននិងប្រកបដោយសិរីសួស្តី ដោយសង្កេតឃើញថា នៅតាមបណ្តារាជធានីខេត្តទាំងអស់ទូទាំងប្រទេសកម្ពុជាក៏បានប្រារព្ធនូវកម្មវីធីសប្បាយៗជាច្រើន ដើម្បីអបអរដល់ថ្ងៃឆ្លងឆ្នាំសកល។
យោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍បានឲ្យដឹងថា ស្ថិតិទេសចរជាតិ និងអន្តរជាតិ ដើរលេងកម្សាន្តទូទាំងប្រទេស ក្នុងឱកាសឆ្លងឆ្នាំសកល នៅតាមបណ្ដារាជធានី-ខេត្ត ចាប់ពីថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២៤ មានដូចជា៖
– ទេសចរសរុបប្រមាណ ៖ ៣ ៥៣៥ ៣២៥នាក់
– ទេសចរជាតិ សរុបប្រមាណ ៖ ៣ ៤៨៨ ០៦៥ នាក់
– ទេសចរអន្តរជាតិ សរុបប្រមាណ ៖ ៤៧ ២៦០នាក់។
ជាមួយគ្នានោះ ខេត្តក្រុងចំនួន ៥ ដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេ ដោយចំណាត់ថ្នាក់លេខ ១ បានលើរាជធានីភ្នំពេញ ប្រមាណជាង ១លាន ៥សែននាក់។ លេខ ២ ខេត្តព្រះសីហនុ ៤២ ម៉ឺននាក់។ លេខ ៣ ខេត្តសៀមរាប ៣៣ ម៉ឺននាក់។ លេខ ៤ កំពត ២២ ម៉ឺននាក់។ និងលេខ ៥ ខេត្តកែប ១២ម៉ឺននាក់។
សូមជម្រាបថា នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ នៅបរិវេន មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ បានប្រារព្ធនូវព្រឹត្តិការណ៍ដ៏ធមសម្បើមមួយ គឺសាទរកម្ពុជា ដែលរួមមានក្បួនដង្ហែរ អ្នកចូលរួមជាង ៣០០០នាក់ ការសម្តែងទស្សនីយភាពចម្រុះ ការតំាងពិពណ៌ ការប្រគុំតន្រ្តី និងការបាញ់កាំជ្រួចអបអរសាទរផងដែរ។ ក្រៅពីនេះ តាមបណ្តាខេត្តនានា ដូចជាខេត្តព្រះសីហនុ បាត់ដំបង តាកែវជាដើមក៏បានរៀបចំកម្មវិធីសប្បាយៗ ដើម្បីអបអរឆ្នាំថ្មីផងដែរ៕