ជាការពិតណាស់នរណាៗក៏ធ្លាប់មានបញ្ហាផ្លូវចិត្តដែរ គ្រាន់តែអ្នកខ្លះចេះវិធីសាស្ត្រគ្រប់គ្រងអារម្មណ៍ ហើយអ្នកខ្លះទៀតមិនចេះ។ ជំងឺផ្លូវចិត្ត សំដៅលើបញ្ហាផ្លូវអារម្មណ៍ ការបាក់ទឹកចិត្ត ការពិបាកចិត្តជាប់រហូត និងបាត់បង់ចំណង់ចំណូលចិត្តជាដើម។ វាកើតឡើងដោយសារបញ្ហាផ្ទាល់ខ្លួន គ្រួសារ និងសង្គម។ ដូច្នេះដើម្បីថែរក្សាសុខភាពផ្លូវចិត្តឱ្យបានល្អប្រសើឡើងវិញ អ្នកគួរអនុវត្តវិធីសាស្ត្រដូចខាងក្រោម៖
១.ជៀសវាងការមើលព័ត៌មានអវិជ្ជមានតាមអនឡាញ៖ បច្ចុប្បន្នមាតិកាអនឡាញកំពុងជះឥទ្ធិពលលើអារម្មណ៍ គំនិត ឬសកម្មភាពរបស់អ្នកមើល។ វាអាចធ្វើឱ្យអារម្មណ៍របស់អ្នកពិបាកចិត្តដោយឯងៗ នៅពេលដែលលោកអ្នកតាមដានព័ត៌មានអវិជ្ជមានច្រើនពេក។ ដូច្នេះអ្នកគួរកាត់បន្ថយការតាមដានព័ត៌មានឥតប្រយោជន៍ ហើយគួរផ្តោតលើជីវិតប្រចាំថ្ងៃ និងកំណត់ការប្រើប្រាស់ទូរស័ព្ទឱ្យបានត្រឹមត្រូវ។

២.ការពារខ្លួនអ្នកពីបណ្តាញសង្គម៖ នាពេលបច្ចុប្បន្ននេះបណ្តាញសង្គមដូចជា facebook Instagram TikTok និង X គឺពេញនិយមខ្លាំងណាស់ដោយសារវាអាចបង្កើតទំនាក់ទំនងថ្មីៗដល់អ្នក។ ទោះជាយ៉ាងណាអ្នកគួរកុំបង្ហាញអារម្មណ៍ពិតនៅលើបណ្តាញសង្គម ឬកុំចែកចាយរូបភាពរបស់អ្នកទៅឱ្យអ្នកដទៃសោះ ព្រោះមនុស្សសម័យនេះភាគច្រើនមិនល្អជាមួយយើងនោះទេ។ ពួកគេអាចយករូបភាពអ្នកទៅ Edit ចេញជារូបភាពផ្សេងៗ ហើយបង្ហោះជាសារធារណៈ ដែលវាអាចនឹងប៉ះពាល់ដល់ភាពថ្លៃថ្នូរបស់អ្នក ជាហេតុធ្វើឱ្យអ្នករងជំងឺផ្លូវចិត្តតាមរយៈបណ្តាញសង្គម។
៣.សមាធិ៖ នៅពេលដែលអ្នកមានអារម្មណ៍មិនល្អឬតានតឹងក្នុងចិត្ត អ្នកគួរតែធ្វើសមាធិឱ្យបាន ១០ ទៅ ១៥ នាទី។ ការធ្វើសមាធិ គឺអាចជួយកាត់បន្ថយភាពតានតឹងបានច្រើន និងធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ ធូរស្បើយទៅតាមការដកដង្ហើមចេញដកដង្ហើមចូលនៅពេលធ្វើសមាធិ។
៤. លេងកីឡា៖ ការលេងកីឡាជាវិធីសាស្ត្រមួយផងដែរ អាចធ្វើឱ្យអ្នកបំភ្លេចនូវទុក្ខកង្វល់នៅក្នុងចិត្តព្រោះអ្នកគិតតែពីការសប្បាយ និងគិតតែខំប្រកួត។ ម្យ៉ាងទៀត អ្នកអាចបញ្ចេញញើស និងកំហឹងនៅក្នុងចិត្តបានទៀតផង។ បន្ទាប់ពីលេងកីឡាហើយងូតទឹកសម្អាតប្រាណរួច នោះអ្នកនឹងមានអារម្មណ៍ល្អ និងធូរស្បើយនៅក្នុងចិត្ត។
៥.ដើរកម្សាន្តនៅតំបន់ធម្មជាតិ៖ ដើរកម្សាន្តតាមតំបន់ធម្មជាតិដែលមានព្រៃព្រឹក្សាខៀវស្រងាត់ និងពោរពេញទៅដោយខ្យល់បរិសុទ្ធ និងបរិយាកាសត្រជាក់ល្អ អាចធ្វើឱ្យអ្នកមានអារម្មណ៍ស្ងប់ស្ងាត់ និងស្រស់ស្រាយ ហើយទុក្ខកង្វល់និងរសាត់ទៅតាមខ្យល់ទាំងនោះ៕.png)










