ទោះបីជាជីវិតអាពាហ៍ពិពាហ៍បានបញ្ចប់និងបានកសាងគ្រួសារថ្មីរៀងៗខ្លួនប៉ុន្តែលោក យុត្ថារា ឆានី ជាអតីតតារាសម្តែងនិងអតីតភរិយា ចន ច័ន្ទលក្ខិណា នៅតែបំពេញតួនាទីយ៉ាងល្អបំផុតសម្រាប់កូនស្រីរបស់ខ្លួន ជាពិសេសក្នុងឆ្នាំនេះឈានដល់អាយុ១៨ឆ្នាំបានថតរូបជុំគ្រួសារផ្តល់ស្នាមថើបដល់កូនជាទីស្រលាញ់។ សកម្មភាពរបស់អ្នកទាំងពីរបានធ្វើឱ្យមហាជនសរសើរមិនដាច់ពីមាត់។

នៅថ្ងៃទី២៩ ខែធ្នូ លោក យុត្ថារា ឆានី បានបង្ហោះរូបជាច្រើនសន្លឹកនៅលើបណ្តាញសង្គមអមជាមួយពាក្យពេចន៍ជូនពរទៅកាន់កូនស្រី ថា «រីករាយថ្ងៃខួបកំណើតកូនស្រីបណ្តូលចិត្តប៉ា ចម្រើនវ័យចូល ១៨ ឆ្នាំ ប៉ាជូនពរកូនស្រី ជួបតែសេចក្តីសុខ ប្រាជ្ញាឈ្លាសវៃ មានសំណាងល្អពេញមួយជីវិត Daddy love you»។ ក្នុងថ្ងៃដដែលនេះជំទាវ ចន ច័ន្ទលក្ខិណា ក៏បានចែករំលែករូបកំណើតកូនស្រីជាមួយនឹងពាក្យខ្លីតែមានភាពកក់ក្តៅថា «ប៉ា ម៉ាក់ ស្រលាញ់កូនជារៀងរហូត» ដោយបានTag គណនីលោក យុត្ថារា ឆានី ជាអតីតស្វាមីផងដែរ។
សកម្មភាពរបស់អតីតគូស្វាមីក្នុងអាជីពសិល្បៈនេះទទួលបានការសរសើរយ៉ាងខ្លាំងពីស្រទាប់មហាជនទោះបីជាអ្នកទាំងពីរចែកផ្លូវគ្នាហើយក្តីប៉ុន្តែនៅតែរាប់អានគ្នាបំពេញតួនាទីតាមដែលអាចធ្វើទៅបានសម្រាប់កូនរបស់អ្នកទាំងពីរ។ បច្ចុប្បន្ន ទាំងជំទាវ ចន ច័ន្ទលក្ខិណា និងលោក យុត្ថារា ឆានី សុទ្ធតែមានគ្រួសារថ្មីរៀងៗខ្លួនពោរពេញដោយសុភមង្គល។
បច្ចុប្បន្នលោក យុត្ថារា ឆានី បានឃ្លាតឆ្ងាយពីវិថីសិល្បៈដោយមិនមានបំណងចង់ចូលប្រឡូកក្នុងអាជីពនេះឡើយ ចំណែកឯ ជំទាវ ចន ច័ន្ទលក្ខិណា នៅបន្តអាជីពសិល្បៈសម្តែងក្នុងខ្សែភាពយន្តខ្មែរខ្នាតធំ អប្សរាមហាអង្គរ ដែលទើបបញ្ចប់ការថត ព្រមទាំងជាអ្នកតំណាងផលិតផល និងលក់សំលៀកបំពាក់តាមអនឡាញផងដែរ រួមទាំងឆ្នាំ២០២៥ចូលរួមចាត់ចែងក្នុងកម្មវិធីបវរកញ្ញាមួយ៕










