មនុស្សគ្រប់គ្នាបានទន្ទឹងរង់ចាំថ្ងៃឆ្លងឆ្នាំមកដល់ដើម្បីជួបជុំក្រុមគ្រួសារ បរិភោគអាហារជុំគ្នាយ៉ាងសប្បាយរីករាយ ឬដើរកម្សាន្តទៅកាន់ទីជិតឆ្ងាយ ហើយវាក៏ជាថ្ងៃចាប់ផ្តើមជីវិតថ្មីសម្រាប់មនុស្សមួយចំនួនផងដែរ ក្រោយពីបានបំពេញការងារនឿយហត់ពេញមួយឆ្នាំ ។ ក្រៅពីការជួបជុំគ្នានៅផ្ទះ តើយើងគួរតែធ្វើខ្លួនបែបណាខ្លះនៅថ្ងៃឆ្លងឆ្នាំ?
ខាងក្រោមនេះ គឺជាទម្លាប់ល្អៗមួយចំនួនដែលគួរអនុវត្ត ៖
១-ពិនិត្យរឿងរ៉ាវកើតឡើងក្នុងឆ្នាំចាស់ និងកំណត់គោលដៅឆ្នាំថ្មី ៖ ចូរសរសេររឿងរ៉ាវផ្សេងៗដែលបានកើតឡើងក្នុងឆ្នាំចាស់ និងកំណត់គោលដៅឆ្នាំថ្មីថា តើមានគម្រោងធ្វើអ្វីខ្លះ ដូចជា ៖ សន្សំប្រាក់ទិញលំនៅឋាន, រថយន្ត និងទិញសម្ភារៈធំៗសម្រាប់ជារង្វាន់ឱ្យខ្លួនឯងធ្វើការនឿយហត់ពេញមួយឆ្នាំ ។ ចូរកំណត់គោលដៅឆ្នាំថ្មី និងកុំខ្លាចខុស គ្រាន់តែទៅឱ្យដល់គោលដៅនោះ គឺចាត់ទុកថា យើងទទួលបានជោគជ័យ ។
២-ធ្វើបុណ្យ និងធ្វើអ្វីមានប្រយោជន៍ដល់សង្គម ៖ ចូររកពេលធ្វើបុណ្យ រាប់បាត្រព្រះសង្ឃ និងស្តាប់ធម៌ ហើយយើងអាចសូត្រធម៌នៅថ្ងៃឆ្លងឆ្នាំ និងអង្គុយសមាធិ ។ ក្រៅពីនេះ ចូរធ្វើអ្វីមានប្រយោជន៍ដល់សង្គម ដូចជា ៖ បរិច្ចាគសម្ភារៈផ្សេងៗឱ្យអ្នកខ្សត់ខ្សោយ និងបោសសម្អាតទីធ្លាវត្ត ។
៣-ក្រាបសុំពរពីចាស់ទុំ ៖ ក្រៅពីការថ្វាយបង្គំព្រះសង្ឃក្នុងវត្តហើយ កុំភ្លេចក្រាបសំពះជីដូន-ជីតា ឪពុក-ម្តាយ និងសាច់ញាច់ចាស់ទុំក្នុងផ្ទះដើម្បីសុំពរឆ្នាំថ្មី ដែលយើងចាត់ទុកថា ជាអ្នកមានគុណរបស់ខ្លួន ។
៤-ក្រោកពីព្រឹកព្រលឹមនៅថ្ងៃដើមឆ្នាំ ៖ ចូរក្រោកពីព្រឹកព្រលឹមនៅថ្ងៃដើមឆ្នាំដើម្បីចាប់ផ្តើមជីវិតថ្មីប្រកបដោយភាពស្រស់បំព្រង និងទទួលយកអ្វីថ្មីៗចូលក្នុងជីវិត ។ រីឯអ្នកកំណត់គោលដៅក្លាយជាមនុស្សថ្មី ក៏អាចចាប់ផ្តើមដោយការក្រោកពីព្រលឹមផងដែរដើម្បីផ្លាស់ប្តូរខ្លួនឯង ។
៥-ផ្លាស់ប្តូរការគិត ៖ ចូរគិតបែបវិជ្ជមាន មើលពិភពលោកក្នុងផ្លូវល្អ និងផ្លាស់ប្តូរអាកប្បកិរិយារបស់ខ្លួនឱ្យល្អប្រសើរឡើង ។ យើងអាចព្យាយាមញញឹមឱ្យបានច្រើន សើចញឹកញាប់ និងជាមនុស្សមានសេចក្តីសុខរាល់ថ្ងៃ ហើយបោះចោលបញ្ហាណាមិនសំខាន់ ឈប់គិតពីវានាំតែតានតឹងផ្លូវចិត្ត ឬដាក់សម្ពាធខ្លួនឯង ។
គួរបញ្ជាក់ថា នៅថ្ងៃទី១ ខែមករា យើងគួរចៀសវាងការងារបោកគក់ និងបោសជូតផ្ទះ ពីព្រោះចាស់បុរាណជឿថា គឺជាការបណ្តេញលាភសំណាងចេញពីផ្ទះ ប៉ុន្តែគួរធ្វើអ្វីៗឱ្យរួចរាល់នៅថ្ងៃចុងឆ្នាំ ។ ក្រៅពីនេះ ពុំគួរកាត់សក់, កក់សក់, ពុំដើរលេងរហូតបាត់បង់ស្មារតី, ប្រយ័ត្នពាក្យសម្តី, កុំសម្លាប់សត្វ និងប្រយ័ត្នពេលដើរកុំឱ្យជំពប់ជើងដួល ពីព្រោះវាបង្ហាញពីឧបសគ្គក្នុងឆ្នាំថ្មី ៕










