ប្រទេសកូរ៉េខាងត្បូង ៖ អ្នកដំណើរសម្រុកលុបចោលសំបុត្រយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air ជិត៧ម៉ឺនសំបុត្រ ក្រោយយន្តហោះធ្លាក់ពី Runway ពេលចុះចតនៅអាកាសយានដ្ឋានរបស់កូរ៉េខាងត្បូង ហើយអ្នកដំណើរបារម្ភថា គ្មានសុវត្ថិភាព ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ។.png)
នៅថ្ងៃទី២៩ ខែធ្នូ កន្លងមក យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air ជើងហោះហើរ 2216 បានធ្លាក់ពី Runway ពេលចុះចតនៅអាកាសយានដ្ឋានអន្តរជាតិមូអាន់ ប្រទេសកូរ៉េខាងត្បូង ។ ហេតុការណ៍នេះបណ្តាលឱ្យអ្នកដំណើរស្លាប់រហូតដល់១៧៩នាក់ ហើយមានតែបុគ្គលិកអាកាសចរណ៍ ២នាក់ប៉ុណ្ណោះនៅរស់រានមានជីវិត ។.png)
សារព័ត៌មានកូរ៉េខាងត្បូងរាយការណ៍ថា អ្នកដំណើរសម្រុកលុបចោលសំបុត្រយន្តហោះជាបន្តបន្ទាប់ កាលពីថ្ងៃទី៣០ ខែធ្នូ កន្លងមក ដោយសារពួកគេបារម្ភពីគ្រោះថ្នាក់ ក្រោយពីយន្តហោះ Jeju Air ឆេះនៅអាកាសយានដ្ឋានបណ្តាលឱ្យស្លាប់អ្នកដំណើរយ៉ាងច្រើន ។ ហេតុការណ៍នេះនឹងប៉ះពាល់ដល់វិស័យទេសចរណ៍កូរ៉េខាងត្បូងយ៉ាងខ្លាំង ទាំងការធ្វើដំណើរក្នុងស្រុក និងឆ្លងប្រទេស ។ 
ក្រុមហ៊ុន Jeju Air បញ្ជាក់ថា សំបុត្រយន្តហោះចំនួន៦៨,០០០សំបុត្រ ត្រូវបានអ្នកដំណើរលុបចោលត្រឹមតែ១ថ្ងៃប៉ុណ្ណោះ ។ ក្នុងចំណោមសំបុត្រយន្តហោះទាំងនេះ ក្នុងនោះមានសំបុត្រជាង៣៣,០០០សំបុត្រ គឺជាការធ្វើដំណើរក្នុងស្រុក រីឯសំបុត្រ៣៤,០០០ ទៀតជាការធ្វើដំណើរឆ្លងប្រទេស ។ រីឯក្រុមហ៊ុនអាកាសចរណ៍នានាបានផ្អាកផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ និងអនឡាញ ព្រមទាំងការផ្សព្វផ្សាយពីដំណើរកម្សាន្តជាក្រុមផងដែរ ។

ដោយឡែក យន្តហោះ Jeju Air មួយគ្រឿងទៀតរបស់កូរ៉េខាងត្បូង ជើងហោះហើរ 7C101 ដឹកអ្នកដំណើរ១៦១នាក់ ដែលធ្វើដំណើរពីអាកាសយានដ្ឋានអន្តរជាតិគីមផូ នៅភាគខាងលិចទីក្រុងសេអ៊ូល ទៅកាន់កោះសេជូ ក៏មានបញ្ហាកង់យន្តហោះដែរ ពេលចេញដំណើរកាលពីព្រឹកថ្ងៃទី៣០ ខែធ្នូ ហើយក៏សម្រេចចិត្តត្រឡប់មកអាកាសយានដ្ឋានគីមផូ វិញ ៕










