បើប្រៀបធៀបរាងកាយរវាងមនុស្ស និងសត្វឃើញថា បើទោះជាសត្វមួយចំនួនមានរាងកាយប៉ុនមនុស្សក្តី ប៉ុន្តែវាពុំមានអាយុវែងដូចមនុស្សទេ ។ ប៉ុន្តែអ្នកវិទ្យាសាស្ត្របានព្យាយាមបន្តអាយុរបស់មនុស្ស និងរកវិធីពន្យារភាពជរា ហើយពួកគេរកឃើញថា មានសត្វកម្រមួយប្រភេទដែលរស់នៅបាតសមុទ្រទឹកជ្រៅអាចយកមកធ្វើថ្នាំអាយុវែងរបស់មនុស្ស ។

ត្រីឆ្លាម Greenland (Greenland Shark) គឺជាពូជត្រីឆ្លាមដ៏កម្ររស់នៅបាតមហាសមុទ្រអាត្លង់ទិកខាងជើងដ៏ត្រជាក់ ដែលអ្នកវិទ្យាសាស្ត្រអាចយកវាមកធ្វើថ្នាំអាយុវែង ដោយសារវាមានអាយុរហូតដល់រាប់រយឆ្នាំមិនគួរឱ្យជឿ ។ ត្រីឆ្លាមនេះមានអាយុចាប់ពី២៧២ឆ្នាំ ទៅជាង៥០០ឆ្នាំ ហើយអាយុរបស់វា គឺវែងជាងប្រទេសមួយចំនួនលើពិភពលោក ទៅទៀត ។
ប៉ុន្តែអ្នកវិទ្យាសាស្ត្រមានឯកសារពាក់ព័ន្ធនឹងត្រីឆ្លាម Greenland តិចតួចណាស់ ហើយពួកគេកម្រឃើញ ដោយសារវារស់នៅបាតសមុទ្រទឹកជ្រៅក្នុងតំបន់ត្រជាក់ខ្លាំង ។ អាយុវែងរបស់វាធ្វើឱ្យអ្នកវិទ្យាសាស្ត្រជាច្រើននាក់សន្និដ្ឋានថា អាចយកវាមកធ្វើជាថ្នាំអាយុវែងរបស់មនុស្សបាន ដោយសារហ្សែនរបស់ត្រីឆ្លាម Greenland មានទំហំធំជាងហ្សែនត្រីឆ្លាមផ្សេងៗ ហើយមានទំហំវែងជាង២ដង បើធៀបនឹងហ្សែនរបស់មនុស្ស ។

ការស្រាវជ្រាវចុងក្រោយបង្អស់ពីត្រីឆ្លាម Greenland ដោយការត្រួតពិនិត្យ DNA 92% បង្ហាញថា វាអាចក្លាយជាថ្នាំអាយុវែងរបស់មនុស្សនាថ្ងៃអនាគត ដោយសាររាងកាយវាលូតលាស់យឺតខ្លាំង គឺមិនដល់១សង់ទីម៉ែត្រក្នុង១ឆ្នាំ ។ ហេតុនេះ ទម្រាំរាងកាយវាធំពេញវ័យ គឺធ្វើឱ្យអាយុវាកើនឡើងដល់រាប់រយឆ្នាំ ។
កាលពីឆ្នាំ២០១៦ គេបានប្រទះឃើញត្រីឆ្លាម Greenland នៅភាគខាងជើងមហាសមុទ្រអាត្លង់ទិកជិតកោះ Greenland និងតំបន់ប៉ូលខាងជើង ។ តាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្របង្ហាញថា ត្រីឆ្លាមញីចំនួន២៨ក្បាល មានអាយុយ៉ាងហោចណាស់ ២៧២ឆ្នាំ ហើយគេសន្និដ្ឋានថា វានឹងមានអាយុរហូតដល់៥១២ឆ្នាំ ។ រីឯត្រីឆ្លាមពេញវ័យ គឺមានទម្ងន់ប្រមាណ១២,០០០គីឡូក្រាម ។
តើត្រីឆ្លាមនេះអាចក្លាយជាថ្នាំអាយុវែងរបស់មនុស្សឬក៏អត់នោះ គឺយើងត្រូវរង់ចាំតាមដានបន្តទៀត ប៉ុន្តែគោលដៅចម្បងរបស់ការស្រាវជ្រាវពីត្រីឆ្លាម Greenland គឺចង់ឱ្យពិភពលោក អភិរក្សពូជត្រីឆ្លាមនេះ ដោយសារវាជិតផុតពូជ ៕










