ប្រទេសប្រេស៊ីល ៖ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ប្រេស៊ីលបានបញ្ជាឱ្យបិទការដ្ឋានសាងសង់រោងចក្ររបស់BYD ជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិនដ៏ល្បី ក្រោយពីរកឃើញថា មានកម្មករចិនជាង១៦០នាក់ រស់នៅយ៉ាងលំបាកវេទនា និងត្រូវបានក្រុមហ៊ុនសំណង់ដកហូតលិខិតឆ្លងដែន ។
ក្រុមហ៊ុនម៉ៅការសំណង់ Jinjiang Construction, Brazil បានជួលកម្មករសរុបជាង១៦០នាក់ ឱ្យធ្វើការនៅការដ្ឋានសាងសង់រោងចក្រចំនួន៤កន្លែងក្នុងទីក្រុងម៉ាសារី ខេត្តបាអៀ ភាគឦសានប្រទេសប្រេស៊ីល ។ ប៉ុន្តែកម្មករទាំងនេះត្រូវធ្វើការជាច្រើនម៉ោងលើសច្បាប់កំណត់ ហើយពេលខ្លះ ពួកគេធ្វើការច្រើនម៉ោងជាប់គ្នា៧ថ្ងៃ ។ លើសពីនេះ កម្មករស្នាក់នៅកន្លែងពុំសមរម្យ ហើយត្រូវក្រុមហ៊ុនដកហូតលិខិតឆ្លងដែន និងកាត់ប្រាក់ខែ ។

មន្ត្រីក្រសួងការងារប្រេស៊ីលដែលបានស៊ើបអង្កេតការដ្ឋានសាងសង់រោងចក្ររបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន តាំងពីវិច្ឆិកា ឆ្នាំ២០២៤ និយាយថា កម្មករចំនួន១៦៣នាក់ បានធ្វើការដូចទាសករ ដោយសារក្រុមហ៊ុនពុំគោរពតាមលក្ខខណ្ឌសុវត្ថិភាពការងារ ។ មន្ត្រីក្រសួងការងារបានជួយអន្តរាគមន៍កម្មករទាំងនេះ ព្រោះពួកគេគ្មានកន្លែងសម្រាកត្រឹមត្រូវ ហើយកម្មករស្នាក់នៅ៨បន្ទប់បានប្រើបន្ទប់ទឹកចល័តរួមគ្នា ព្រមទាំងខ្វះទឹក និងក្រដាសអនាម័យ ។.png)
លើសពីនេះ បរិវេណផ្ទះបាយតូចចង្អៀតធ្វើឱ្យចុងភៅយកអាហារមកទុកក្បែរបន្ទប់ទឹកគ្មានអនាម័យ ខណៈម្ហូបដែលចម្អិនឆ្អិនបានទុកលើឥដ្ឋ និងគ្មានការគ្របត្រឹមត្រូវ ។ កម្មករភាគច្រើនត្រូវបង្ខំឱ្យបរិភោគអាហារនៅលើគ្រែដេក រីឯក្នុងបន្ទប់ស្នាក់នៅមានសភាពកខ្វក់ខ្លាំង ។
ចំណែក BYD បញ្ជាក់ថា ក្រុមហ៊ុនបានគោរពច្បាប់ប្រេស៊ីល និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ដោយបានបញ្ចប់កិច្ចសន្យាជាមួយក្រុមហ៊ុន Jinjiang សម្រាប់ការងារមួយចំនួនក្នុងរោងចក្រ និងបញ្ជូនកម្មករទាំងអស់ទៅស្នាក់នៅក្នុងសណ្ឋាគារ ។ ក្រៅពីនេះ ក្រុមហ៊ុននឹងស៊ើបអង្កេតលម្អិតពីការបំពេញការងាររបស់កម្មករ និងការស្នាក់នៅ ។
គួរបញ្ជាក់ថា BYD គឺមកពីពាក្យ Build Your Dreams ដែលនៅឆ្នាំ១៩៩៥ ក្រុមហ៊ុននេះបានផលិតថ្ម ប៉ុន្តែបច្ចុប្បន្ន BYD បានក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតលើពិភពលោក ។ BYD បានសាងសង់រោងចក្រដំបូងនៅទីក្រុងសៅប៉ៅឡូ ប្រទេសប្រេស៊ីល ក្នុងឆ្នាំ២០១៥ ហើយកាលពីឆ្នាំ២០២៣ ក្រុមហ៊ុនក៏បានសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីនៅប្រេស៊ីល ៕










