ប្រទេសហូឡង់ ៖ កាលពីសប្តាហ៍ទី៣ ខែធ្នូ ឆ្នាំ២០២៤ ក្រុមអ្នកបុរាណវិទ្យាហូឡង់ភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីប្រទះឃើញឆ្អឹងសត្វតម្រៀបគ្នានៅក្រោមកម្រាលឥដ្ឋរបស់អគារចំណាស់មួយកន្លែងមានអាយុជាង៥០០ឆ្នាំ ស្ថិតនៅតំបន់ខូមដែង ប្រទេសហូឡង់ ។
ក្រុមអ្នកបុរាណវិទ្យាមកពី Heritage Alkmaar និយាយថា វាជាសំណង់ពិសេសមួយនៅក្នុងតំបន់ខូមឌែង ទីក្រុងអាល់ម៉ា ភាគខាងជើងប្រទេសហូឡង់ ។ នៅក្រោមកម្រាលឥដ្ឋផ្នែកក្រោមបំផុតរបស់អគារដែលសាងសង់នៅសតវត្សទី១៦ ពួកគេបានប្រទះឃើញឆ្អឹងគោតម្រៀបគ្នាយ៉ាងច្រើន ។
ពួកគេពុំធ្លាប់ឃើញការយកឆ្អឹងគោមកតម្រៀបគ្នានៅក្រោមកម្រាលឥដ្ឋបែបនេះទេ នៅបណ្តាប្រទេសប៉ែកអឺរ៉ុប ។ ពួកគេគិតថា ក្រុមជាងសំណង់បានយកឆ្អឹងគោមកប្រើប្រាស់ដើម្បីងាយស្រួលជួសជុលពេលវាខូចខាត ។ នេះជាគំនិតដ៏ឆ្លាតវៃរបស់ក្រុមជាងសាងសង់អគារសម័យមុន ។
អគារចាស់នេះពុំសូវល្បីល្បាញប៉ុន្មានទេ ប៉ុន្តែអ្វីគួរឱ្យភ្ញាក់ផ្អើលបំផុតនោះ គឺកម្រាលឥដ្ឋមួយចំនួនបានបាត់ ហើយត្រូវជំនួសវិញដោយឆ្អឹងសត្វ ។ ការក្រាលឆ្អឹងសត្វបែបនេះគ្មាននៅកន្លែងផ្សេងទេ គឺមានតែភាគខាងជើងប្រទេសហូឡង់ ប៉ុណ្ណោះ ។ នេះបើតាមការផ្សព្វផ្សាយក្នុងបណ្តាញសង្គមរបស់ក្រុមអ្នកបុរាណវិទ្យា ។
អ្វីអស្ចារ្យជាងនេះ គឺឆ្អឹងគោទាំងអស់មានទំហំប៉ុនៗគ្នា ហើយត្រូវបានតម្រៀបយ៉ាងមានរបៀប ដើម្បីអាចដាក់ឆ្អឹងគោបានច្រើនបំផុត ។ ហេតុនេះ ពួកគេសន្និដ្ឋានថា ការប្រើប្រាស់ឆ្អឹងគោ គឺដោយសារក្រុមជាងសំណង់សម័យនោះចង់ឱ្យការសាងសង់មានភាពរឹងមាំ និងយូរអង្វែង ៕










