ប្រទេសដាណឺម៉ាក ៖ រដ្ឋាភិបាលដាណឺម៉ាកបានបញ្ជាឱ្យបង្កើនថវិកាផ្នែកការពារជាតិយ៉ាងច្រើនសម្រាប់កោះហ្គ្រីនឡែន (Greenland) ក្រោយពីប្រធានាធិបតីអាមេរិកថ្មី លោក Donald Trump និយាយពីបំណងប្រាថ្នាចង់ទិញកោះនេះឱ្យក្លាយជាទឹកដីអាមេរិក ។ រដ្ឋាភិបាលដាណឺម៉ាកបញ្ជាក់ថា នឹងពុំលក់កោះនេះទៅឱ្យអាមេរិកឡើយ ។
រដ្ឋមន្ត្រីក្រសួងការពារជាតិដាណឺម៉ាក លោក Troels Lund Poulsen និយាយថា កញ្ចប់ថវិកាចំណាយផ្នែកការពារជាតិសម្រាប់កោះហ្គ្រីនឡែន នឹងកើនឡើងទ្វេដង គឺស្មើនឹង១,៥០០លានដុល្លារអាមេរិក ។ ការបង្កើនកញ្ចប់ថវិកានេះ គឺក្រោយពីលោក Trump បាននិយាយកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ថា ការក្លាយជាម្ចាស់ និងគ្រប់គ្រងកោះដ៏ធំនេះ ចាំបាច់យ៉ាងខ្លាំងសម្រាប់អាមេរិក ។
កោះហ្គ្រីនឡែនគ្រប់គ្រងដោយប្រទេសដាណឺម៉ាក គឺជាទីតាំងកងទ័ពអវកាសដ៏ធំ និងមានសារៈសំខាន់ផ្នែកយុទ្ធសាស្ត្រសម្រាប់អាមេរិក ដោយសារកោះនេះមានចម្ងាយជិតបំផុតពីអាមេរិកខាងជើងទៅអឺរ៉ុប និងមានធនធានធម្មជាតិរ៉ែ ។ ដាណឺម៉ាកនឹងទិញនាវាសង្កេតការណ៍ថ្មី២គ្រឿង និងដ្រូន២គ្រឿង ព្រមទាំងបង្កើនភ្នាក់ងារប្រចាំការនៅទីក្រុងនុក, កែលម្អអាកាសយានដ្ឋាន៣កន្លែងរបស់កោះហ្គ្រីនឡែន សម្រាប់ការចុះចតយន្តហោះចម្បាំង ។

រដ្ឋាភិបាលដាណឺម៉ាកបានបញ្ជាឱ្យបង្កើនថវិកាផ្នែកការពារជាតិ ក្រោយពីលោក Trump សរសេរក្នុងបណ្តាញសង្គមថា ដើម្បីសន្តិសុខជាតិ និងសេរីភាពទូទាំងពិភពលោក គឺលោកចង់ឱ្យអាមេរិកគ្រប់គ្រងកោះហ្គ្រីនឡែន ។ ប៉ុន្ដែមន្ត្រីដាណឺម៉ាកបញ្ជាក់ថា យើងពុំលក់កោះនេះទេ ហើយពលរដ្ឋរស់នៅលើកោះបានសហការពាណិជ្ជកម្មជាមួយប្រទេសជិតខាង ។
អ្នកវិភាគយល់ឃើញថា ដាណឺម៉ាកបង្កើនសមត្ថភាពកងទ័ពនៅលើកោះនេះយឺតយ៉ាវណាស់ ហើយបើដាណឺម៉ាកពុំអាចការពារដែនទឹកជុំវិញកោះពីការរំលោភរបស់ចិន និងរុស្ស៊ី ធ្វើឱ្យអាមេរិកកាន់តែចង់គ្រប់គ្រងកោះនេះ ពីព្រោះលោក Trump តែងតែនិយាយថា ចង់បានកោះរបស់ដាណឺម៉ាកម្តងហើយម្តងទៀត ។
លោក Trump ជាមនុស្សឆ្លាត ដែលអាចធ្វើឱ្យរដ្ឋាភិបាលដាណឺម៉ាកផ្តល់ភាពសំខាន់លើការការពារជាតិ ។ កាលពីឆ្នាំ២០១៩ លោក Trump ធ្លាប់ណែនាំឱ្យអាមេរិកទិញកោះហ្គ្រីនឡែន ដែលមានទំហំធំបំផុតលើពិភពលោក ប៉ុន្តែនាយករដ្ឋមន្ត្រីដាណាម៉ាកសម័យនោះប្រាប់ថា វាគ្មានប្រយោជន៍ ហើយធ្វើឱ្យលោក Trump លុបចោលការធ្វើដំណើរទៅដាណឺម៉ាក ។
គួរបញ្ជាក់ថា កន្លងមក លោក Trump ចង់បានប្រទេសកាណាដាធ្វើជារដ្ឋទី៥១ របស់អាមេរិក ហើយលោកពុំមែនជាប្រធានាធិបតីអាមេរិកដំបូងគេដែលចង់ទិញកោះហ្គ្រីនឡែនរបស់ដាណឺម៉ាកទេ គឺអាមេរិកចង់បានកោះនេះដំបូងនៅឆ្នាំ១៨៦០ ពេលស្ថិតក្រោមការដឹកនាំរបស់ប្រធានាធិបតី លោក Andrew Johnson ៕










