យោងតាមប្រភពពីគេហទំព័រ Sohu ចំណងអាពាហ៍ពិពាហ៍របស់តារាសម្តែងចិន Liu Shishi និង Nicky Wu បានក្លាយជាចំណុចសំខាន់នៃឧស្សាហកម្មកម្សាន្តរបស់ចិន នៅពេលដែលប្រភពជាច្រើនបាននិយាយថា ប្តីប្រពន្ធនេះបានលែងលះគ្នាហើយលែងមានចំណងសេដ្ឋកិច្ចទៀតហើយ។ នៅល្ងាចថ្ងៃទី២៤ ខែធ្នូ ម្តាយរបស់តារាសម្ដែង Nicky Wu បាននិយាយថា៖ «អ្នកទាំងពីរច្បាស់ជាមានសុភមង្គល និងស្ងប់ស្ងាត់ណាស់ មិនចាំបាច់បែកគ្នាទេ»។
ប្រភពបានបញ្ជាក់ទៀតថា ម្តាយ Nicky Wu បានហោះពីតៃវ៉ាន់ទៅសៀងហៃ ដើម្បីទៅលេងចៅប្រុស ហើយក្រុមគ្រួសារក៏បានមកជុំគ្នាដែរ។ ម្តាយតារាសម្តែងរូបនេះបានអត្ថាធិប្បាយថា Liu Shishi ជាមនុស្សរួសរាយរាក់ទាក់ ចេះគិតគូរ និងមានចរិតស្លូតបូត។ កាបូបទាំងអស់របស់អ្នកស្រីគឺបានកូនប្រសាររបស់ខ្លួនជាអ្នកទិញឱ្យ។ ទាំងតារាសម្តែងចិន Liu Shishi និង Nicky Wu មិនឆ្លើយតបដោយផ្ទាល់ចំពោះទំនាក់ទំនងអាពាហ៍ពិពាហ៍របស់ពួកគេទេ។
បណ្ដាញសង្គមបានផ្សព្វផ្សាយអត្ថបទនៃពាក្យបណ្ដឹងរបស់ Liu Shishi ប្រឆាំងនឹងគណនីផ្សព្វផ្សាយព័ត៌មានមិនពិតអំពីនាង។ ទោះជាយ៉ាងណាក៏ដោយ ប្រភពដើមនៃឯកសារនេះមិនត្រូវបានផ្ទៀងផ្ទាត់ទេខណៈគណនីក្រុមហ៊ុនគ្រប់គ្រងក៏មិនបានបង្ហោះអ្វីបន្ថែមទៀតឡើយ។
Liu Shishi មានអាយុ៣៧ឆ្នាំ និង Nicky Wu មានអាយុ៥៤ឆ្នាំបានស្រលាញ់គ្នានៅពេលថតរឿង Scarlet Heart ដែលជារឿងដ៏ពេញនិយមក្នុងឆ្នាំ២០១១។ ពួកគេបានចុះបញ្ជីអាពាហ៍ពិពាហ៍នៅឆ្នាំ២០១៥ និងបានរៀបចំ ពិធីមង្គលការតម្លៃរាប់លានដុល្លារ នៅប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំ ២០១៦។ ប៉ុន្មានឆ្នាំចុងក្រោយនេះ Liu Shishi បានសកម្មក្នុងឧស្សាហកម្មកម្សាន្ត ដោយមានកម្មវិធីផ្សាយពាណិជ្ជកម្មជាច្រើន និងជាអ្នកតំណាងឱ្យម៉ាកសម្លៀកបំពាក់។ ខណៈ Nicky Wu កំណត់ការថតរឿងដើម្បីឱ្យមានពេលច្រើនជាមួយកូន៕










