សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ប្រធានាធិបតីអាមេរិកថ្មី លោក Donald Trump បានអំពាវនាវឱ្យសហភាពអឺរ៉ុប (EU) ទិញប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិពីអាមេរិកបន្ថែមទៀត បើមិនដូច្នោះទេ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននឹងដំឡើងពន្ធទំនិញនាំចូលពីសហភាពអឺរ៉ុប ដូចជា ៖ រថយន្ត និងគ្រឿងម៉ាស៊ីន ។
ទិន្នន័យរបស់រដ្ឋាភិបាលអាមេរិកបង្ហាញថា បច្ចុប្បន្ន សហភាពអឺរ៉ុបបានទិញប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិអាមេរិកក្នុងបរិមាណច្រើន ហើយពុំអាចបញ្ជាទិញថែទៀតទេ ។ ប៉ុន្តែលោក Trump ប្រកាសថា អាមេរិកនឹងផលិតប្រេងឥន្ធនៈ និងឧស្ម័នឱ្យច្រើនជាងមុន ហើយលោកសរសេរក្នុងបណ្តាញសង្គម Truth Social ថា ៖ «ខ្ញុំបានប្រាប់ទៅសហភាពអឺរ៉ុបឱ្យពួកគេទិញប្រេងឥន្ធនៈ និងឧស្ម័នពីយើងក្នុងបរិមាណច្រើនដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្ម ។ បើមិនដូច្នោះទេ អាមេរិកនឹងដំឡើងពន្ធទំនិញនាំចូលពីសហភាពអឺរ៉ុប» ។
ចំណែកគណៈកម្មការសហភាពអឺរ៉ុបបញ្ជាក់ថា នឹងពិភាក្សាជាមួយលោក Trump ដើម្បីពង្រឹងទំនាក់ទំនងជាមួយអាមេរិកឱ្យកាន់តែរឹងមាំ រួមទាំងផ្នែកថាមពលផងដែរ ។ យើងនឹងកាត់បន្ថយការនាំចូលថាមពលពីរុស្ស៊ី និងនាំចូលថាមពលពីប្រទេសផ្សេងជំនួសវិញ ។ សហភាពអឺរ៉ុបបាននាំចូលឧស្ម័នធម្មជាតិរាវ និងប្រេងឥន្ធនៈពីអាមេរិក ស្មើនឹង៤៧% និង១៧% នៃបរិមាណនាំចូលសរុប នៅត្រីមាសទី១ ឆ្នាំ២០២៤ ។ នេះបើតាមការិយាល័យស្ថិតិ Eurostat ។
លោក Trump នឹងឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកថ្មី នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បានប្រកាសដំឡើងពន្ធទំនិញនាំចូលពីប្រទេសនានា យ៉ាងហោចណាស់១០% ហើយដំឡើងពន្ធទំនិញចិនរហូតដល់៦០% ។ អ្នកជំនាញដាស់តឿនថា វានឹងប៉ះពាល់ដល់ពាណិជ្ជកម្មធ្វើឱ្យអតិថិជនអាមេរិកចំណាយប្រាក់ច្រើនជាងមុន ហើយប្រទេសផ្សេងៗនឹងដំឡើងពន្ធទំនិញអាមេរិកដូចគ្នា ។

គួរបញ្ជាក់ថា អាមេរិកមានឱនភាពពាណិជ្ជកម្មទំនិញជាមួយសហភាពអឺរ៉ុប ស្មើជាង២០ម៉ឹនលានដុល្លារក្នុងឆ្នាំ២០២៣ ។ លោក Trump បានផ្តោតសំខាន់លើការធ្វើពាណិជ្ជកម្ម និងនិយាយជាញឹកញាប់ថា អាមេរិកបាននាំចូលរថយន្តពីសហភាពអឺរ៉ុបយ៉ាងច្រើន ប៉ុន្តែមានរថយន្តអាមេរិកតិចណាស់ដែលបានដឹកជញ្ជូនឆ្លងកាត់មហាសមុទ្រអាត្លង់ទិក ៕










