ថ្មីៗនេះ មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំព្រេច និងអាជ្ញាធរមូលដ្ឋានមបានរកឃើញទីតាំងលាក់ឈើខុ.សច្បាប់ចំនួន០៣ន្លែង ដែលជនស.ង្ស័យបានលួចលាក់កប់យ៉ាងជ្រៅក្នុងដី។

យោងតាមការដាក់បង្ហោះរបស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី ២០ ខែធ្នូនេះ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានលើកឡើងថា សកម្មភាពចុះបង្ក្រាបករណីសន្និធិឈើខុសច្បាប់ នៅអតីតដីសម្បទានសេដ្ឋកិច្ចមួយកន្លែង នៅខេត្តមណ្ឌលគីរី កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីសេចក្តីរាយការណ៍អំពីការលួចសន្និធិឈើខុសច្បាប់នៅចំណុចស្រែតាអង ភូមិសាស្ត្រ ភូមិជីក្លប់ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

សមត្ថកិច្ចមានការសង្ស័យក្នុងជំហានដំបូង ថាជនល្មើសអាចកប់ចោលឈើក្នុងដី ក្នុងកំឡុងពេលដែលមានគណៈកម្មធិការថ្នាក់ជាតិចុះការបង្ក្រាបកាលពីឆ្នាំ២០១៥។ ជាលទ្ធផលក្រុមការងារបានបង្ក្រាបនិងដកហូតឈើដូចខាងក្រោម៖
ទី១៖ ទីតាំងដែលជនសង្ស័យបានទុកចោលក្នុងព្រៃល្បោះ ឃើញមានឈើមូលប្រភេទឈ្លីជ ចំនួន ១២កំណាត់ ស្មើនឹង១,៩២ម៉ែត្រត្រីគុណ ដែលមានស្ថានភាពពុកផុយ គុណភាពប្រមាណ ២០%-២៥%។
ទី២៖ ទីតាំងខាងលើជាអតីតរោងស្នាក់នៅរបស់កម្មកររបស់អតីតក្រុមហ៊ុនសម្បទាន មានឈើអារប្រភេទសុក្រម ចំនួន ១៣០សន្លឹក ស្មើ៣,៥២ម៉ែត្រត្រីគុណ ដែលមានស្ថានភាពពុកផុយ គុណភាពប្រមាណ៣០%។
ទី៣៖ ទីតាំងដែលជនស្ស័យបានកប់ក្នុងដីក្រុមការងារបានធ្វើការជីកកកាយរកឃើញឈើមូលចម្រុះចំនួន១៩កំណាត់ស្មើនឹង១,៣៨៣ម៉ែត្រគូប គុណភាពប្រមាណ២០%។
យោងតាមលោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ក្នុងពេលចុះធ្វើប្រតិបត្តិការកម្លាំងសមត្ថកិច្ចពុំបានប្រទះឃើញជនសង្ស័យនៅកន្លែងកើតហេតុនោះ។ ក្រុមការងារបានប្រមូល វត្ថុតាង មករក្សាទុកនៅស្នាក់ការរងនៃដែនជម្រកសត្វព្រៃភ្នំព្រេច ដើម្បីបន្តចាត់ការតាមនីតិវិធី៕










