ប្រទេសម៉ិកស៊ិក ៖ បុណ្យគ្រិស្តម៉ាស (ជាភាសាអង់គ្លេស) ឬបារាំងហៅថា បុណ្យណូអែល គឺជាពិធីបុណ្យសាសនារំលឹកពីការប្រសូតរបស់ព្រះយេស៊ូគ្រិស និងជាថ្ងៃព្រះអង្គរស់ឡើងវិញ ។ គ្រិស្តសាសនិកជននៅទូទាំងពិភពលោក តែងតែប្រារព្ធពិធីបុណ្យនេះនៅចុងខែធ្នូ ជារៀងរាល់ឆ្នាំ យ៉ាងសប្បាយរីករាយជាមួយក្រុមគ្រួសារ ជាពិសេស នៅតំបន់អឺរ៉ុប ។
គ្រិស្តម៉ាស គឺជាបុណ្យមួយដែលប្រើប្រាស់ធនធានធម្មជាតិយ៉ាងច្រើន ហើយជារៀងរាល់ឆ្នាំ ពលរដ្ឋអឺរ៉ុបបានមកដើម Pine ប្រមាណជាង៧លានដើម មកតុបតែងលម្អសម្រាប់ពិធីបុណ្យគ្រិស្តម៉ាស ។ ប៉ុន្តែពួកគេប្រើប្រាស់ដើមគ្រិស្តម៉ាសត្រឹមរយៈពេលខ្លីប៉ុណ្ណោះ បន្ទាប់មក ពួកគេនឹងបោះចោលវា លែងត្រូវការ បណ្តាលឱ្យប៉ះពាល់បរិស្ថាន ។.png)
ដើមគ្រិស្តម៉ាសមានសារៈសំខាន់ណាស់ និងពុំអាចខ្វះបានទេ ទើបគ្រិស្តសាសនិកជនសួរថា តើគួរធ្វើដូចម្តេចដើម្បីប្រើប្រាស់គ្រិស្តម៉ាសបន្តទៀត និងពុំប៉ះពាល់បរិស្ថាន? ហេតុនេះ ក៏មានអាជីវកម្មជួលដើមគ្រិស្តម៉ាសធម្មជាតិ និងទទួលបានការពេញនិយមយ៉ាងខ្លាំងនៅប្រទេសម៉ិកស៊ិក ។
បើធ្វើដំណើរទៅកាន់តំបន់មួយឈ្មោះ El Paraiso ស្ថិតនៅភាគខាងលិចប្រទេសម៉ិកស៊ិក យើងនឹងបានឃើញកសិដ្ឋានមួយដាំដើម Fir យ៉ាងច្រើន ដើម្បីទុកជួលឱ្យអតិថិជនយកទៅតុបតែងជាដើមគ្រិស្តម៉ាស ។ ដើម Fir ដាំនៅទីនេះ មានកម្ពស់ប្រមាណជាង១ម៉ែត្រ ហើយអ្នកចាប់អារម្មណ៍អាចដើរជ្រើសរើសដើម Fir ស្រស់ៗមុនពេលជួល ។.png)
នៅពេលបញ្ចប់ពិធីបុណ្យគ្រិស្តម៉ាស ពួកគេនឹងយកដើម Fir មកប្រគល់ឱ្យម្ចាស់កសិដ្ឋានវិញ ។ បន្ទាប់មក ម្ចាស់កសិដ្ឋានក៏យកវាទៅដាំនៅដី ហើយដើម Fir នីមួយៗនឹងចំណាយពេលចាប់ពី២ឆ្នាំ ទៅ៣ឆ្នាំ ក្នុងការលូតលាស់ ។
នេះជាជម្រើសថ្មីសម្រាប់អ្នកចង់ប្រើប្រាស់ដើមគ្រិស្តម៉ាសធម្មជាតិតុបតែងលំនៅឋានក្នុងពិធីបុណ្យគ្រិស្តម៉ាស ពីព្រោះវាអាចជួយកាត់បន្ថយសំរាមយ៉ាងច្រើន ។ រីឯអ្នកប្រើប្រាស់ក៏សប្បាយចិត្ត ដោយសារគេអាចយកដើមគ្រិស្តម៉ាសទៅដាំតាមធម្មជាតិវិញ ៕










