តារាសម្តែងវ័យក្មេង បាន សរពេជ្ញម៉ានីកា បានធ្វើឱ្យទស្សនិកជនកោតសរសើរយ៉ាងខ្លាំងពីសមត្ថភាពរបស់កុមារីរូបនេះបន្ទាប់ពីបានចូលរួមកម្មវិធីផតខាស់របស់ Athika កាលពីពេលថ្មីៗនេះ។ មិនត្រឹមតែមានសមត្ថភាពទៅលើខាងវិស័យសិល្បៈប៉ុណ្ណោះទេ តែ ម៉ានីកា ក៏ជាសិស្សពូកែម្នាក់ដណ្តើមមានមេដាយមាសក្នុងការប្រកួតគណិតវិទ្យាអូឡាំព្យាដ សិង្ហបុរី-អាស៊ានអន្តរជាតិ (SASMO) ឆ្នាំ២០២៤ ទៀតផង។

កាលពីពេលថ្មីៗនេះតារាសម្តែងវ័យក្មេង សរពេជ្ញម៉ានីកា បានចូលរួមក្នុងកម្មវិធីផតខាស់របស់ Athika ដោយបានលើកឡើងអំពីអាជីពការងារសិល្បៈនិងចំណង់ចំណូលចិត្តរបស់ ម៉ានីកាទៅលើវិស័យនេះ។ អ្វីដែលមហាជនកាន់តែគួរឱ្យចាប់អារម្មណ៍ការបង្ហាញសមត្ថភាពភ្លាមៗរបស់ ម៉ានីកា ទៅលើភាពយន្តថ្មីមានចំណងជើងថា «ទាយាទធ្មប់» គឺធ្វើឱ្យអ្នកទស្សនាស្លុងអារម្មណ៍ទៅតាមការស្រែករបស់កុមារីរូបនេះ ទើបតែមានអាយុ១២ឆ្នាំ ប៉ុន្តែសមត្ថភាពមិនធម្មតា ម៉ានីកា ត្រូវបានទស្សនិកជកសរសើរថាជាក្មេងពូកែចេះសម្តែង ចេះច្រៀង ចេះបង្កើតមាតិកាខ្លួនឯងទៀត ចរិតល្អចេះគោរពចាស់ទុំ។ 
ដ្បិតតែការងារសិល្បៈរបស់ ម៉ានីកា មមាញឹកយ៉ាងណាក្តីតាមរយៈការបង្ហាញខ្លួនក្នុងភាពយន្តជាបន្តបន្ទាប់ ប៉ុន្តែការសិក្សាតារាសម្តែងវ័យក្មេងរូបនេះក៏ពង្រឹងខ្លាំងដូចគ្នាមិនបណ្តែតបណ្តោយឱ្យធ្លាក់ចុះនោះទេ។ តួយ៉ាង ទន្ទឹមនឹងការងារសិល្បៈ ម៉ានីកា គឺបានដណ្តើមបានមេដាយមាសគណិតវិទ្យាដែលមានការចូលរួមពីបណ្តាប្រទេសជាច្រើន។
កាលពីខែឧសភា ម៉ានីកា បានបង្ហាញពីការឈ្នះជ័យលាភីមេដាយមាសក្នុងការប្រកួតគណិតវិទ្យាអូឡាំព្យាដ សិង្ហបុរី-អាស៊ានអន្តរជាតិ (SASMO) ឆ្នាំ២០២៤ ក្នុងនាមជាសិស្សថ្នាក់ទី៨ នៃវិទ្យាល័យព្រះស៊ីសុវត្ថិ។ ការប្រលងនេះគឺមានបេក្ខជន៥៧ ០៧៥នាក់មកពី៣៨ប្រទេសជុំវិញពិភពលោកដោយខាងកម្ពុជាចូលរួមប្រកួតសរុបចំនួន ១ ៤០១នាក់៕










