ការចម្អិនអាហារត្រូវបានចាត់ទុកថា គឺជាមូលហេតុចម្បងនៃការបំពុលបរិយាកាសក្នុងលំនៅឋាន ព្រមទាំងបង្កជាជំងឺរ៉ាំរ៉ៃផ្សេងៗ ដូចជា ៖ ជំងឺសរសៃឈាមបេះដូង ជំងឺប្រព័ន្ធប្រសាទ និងជំងឺផ្លូវដង្ហើម ។ ប៉ុន្តែការសិក្សាថ្មីមួយរបស់ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យភូមិសាស្ត្រពិភពលោក និងសាកលវិទ្យាល័យ Birmingham ប្រទេសអង់គ្លេស បង្ហាញថា ការចម្អិនអាហារគ្មានប្រេង ឬខ្លាញ់ នឹងប៉ះពាល់បរិយាកាសនៅជុំវិញតិចបំផុត ។
.png)
ក្រុមអ្នកស្រាវជ្រាវបានសាកល្បងចម្អិនសាច់មាន់តាមវិធីខុសៗគ្នា ដូចជា ៖ ការចៀនដាក់ប្រេងក្នុងខ្ទះ, ស្ងោរ និងការចៀនពុំប្រើប្រាស់ប្រេង បន្ទាប់មក ពួកគេក៏វាស់កម្រិតភាគល្អិតធូលី និងសមាសធាតុសរីរាង្គដែលកើតឡើងដោយសារការចម្អិនអាហារតាមវិធីផ្សេងៗ ។ រីឯលទ្ធផលដែលពួកគេទទួលបាន គឺការចម្អិនអាហារគ្មានប្រេង បានប៉ះពាល់បរិយាកាសនៅជុំវិញតិចបំផុត ។
ក្រុមអ្នកស្រាវជ្រាវបានវាស់ស្ទង់ការបំពុលបរិយាកាសបន្ទាប់ពីការចម្អិនអាហារតាមវិធីផ្សេងៗ (ដែលពុំរាប់បញ្ចូលការចម្អិនអាហារគ្មានខ្លាញ់) ហើយពួកគេរកឃើញថា កម្រិតខ្យល់ពុលក្នុងផ្ទះបាយបានកើនឡើងយ៉ាងខ្ពស់អស់រយៈពេលជាង១ម៉ោង បើទោះជាការចម្អិនអាហារទាំងនេះចំណាយពេលត្រឹមតែ១០នាទីក្តី ។
សាស្ត្រាចារ្យឈ្មោះ Christian Frank ដែលបានដឹកនាំការស្រាវជ្រាវនេះនិយាយថា ពេលយើងធ្វើម្ហូបឆ្អិនហើយ គួរតែបើកកង្ហារមួយសន្ទុះដើម្បីឱ្យវាជួយកាត់បន្ថយការប្រមូលផ្តុំខ្យល់ពុលក្នុងផ្ទះបាយ ឬខ្យល់ពុលដែលសាយភាយពេញផ្ទះ ។
លទ្ធផលការស្រាវជ្រាវនេះ គឺស្របគ្នានឹងការស្រាវជ្រាវរបស់សហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៩ ដែលបញ្ជាក់ថា ពលរដ្ឋអាមេរិកកាត់អាស៊ីជាច្រើននាក់ដែលធ្វើការក្នុងភោជនីយដ្ឋានចិន បានកើតមហារីកសួត ដោយសារពួកគេស្រូបផ្សែងប្រេងចម្អិនអាហារ និងផ្សែងបារី ៕










