ដល់ខែរងារហើយ មិនថាស្ត្រី ឬបុរសនោះទេភាគច្រើនសុទ្ធតែប្រឈមបញ្ហាប្រេះមាត់ តែអ្នកខ្លះមិនចង់ចំណាយលុយទិញក្រែមរលោងលាបមាត់នោះទេ ដូច្នេះអាចសាកល្បងវិធីសាស្ត្រធ្វើក្រែមលាបមាត់នៅផ្ទះជាមួយគ្រឿងផ្សំធម្មជាតិងាយៗទាំងនេះបាន៖
១. Aloe vera និងប្រេងដូង៖ ក្រែមលាបបបូរមាត់រួមផ្សំជាមួយគ្រឿងផ្សំទាំងនេះនឹងជួយផ្តល់សំណើម ស្តារស្បែកបានយ៉ាងឆាប់រហ័ស។ ប្រេងដូងអាចជួយរក្សាបបូរមាត់ឱ្យក្រាស់ និងរលោង ជៀសវាងបបូរមាត់ស្ងួត និងប្រេះ។ រីឯ Aloe vera មានឥទ្ធិពលប្រឆាំងអុកស៊ីតកម្ម ជួយការពារបបូរមាត់ពីការខូចខាតបរិស្ថាន។ ដូច្នេះគ្រឿងផ្សំទាំងពីរនេះរួមបញ្ជូលគ្នា នឹងក្លាយជាថ្នាំប្រឆាំងការរលាកដ៏ល្អ មានប្រសិទ្ធភាពរក្សាជាតិទឹក និងសំណើមដល់ស្បែកបបូរមាត់ រក្សាមាត់ឱ្យទន់រលោង និងភ្លឺថ្លា។
២.ប្រេងដូង និងក្រមួនឃ្មុំ៖ គ្រឿងផ្សំក្រមួនឃ្មុំមួយដុំ ប្រេងដូងសុទ្ធមួយស្លាបព្រា ទឹកឃ្មុំសុទ្ធមួយស្លាបព្រាបាយ រួមទាំងវីតាមីន E លាយចូលគ្នា។ របៀបធ្វើ ស្ទីម ឬប្រើម៉ាស៊ីនចំហុយ ដើម្បីឱ្យរលាយក្រមួនឃ្មុំ នៅពេលដែលក្រមួនឃ្មុំបានទន់ហើយ បន្ថែមប្រេងដូង វីតាមីន E និងទឹកឃ្មុំ ច្របាច់ចូលគ្នាកូរឱ្យសព្វហើយទុកឱ្យត្រជាក់។

នៅពេលដែលល្បាយនេះត្រជាក់ ចាក់ចូលទៅក្នុងពាងក្រែមលាបមាត់ឯកទេស ហើយទុកវាក្នុងទូទឹកកកជាការស្រេច។ ដើម្បីឱ្យបបូរមាត់របស់អ្នកមានសំណើម ចូរអ្នកលាបក្រេមនេះជារៀងរាល់យប់មុនពេលចូលគេង ហើយម៉ាស្សាថ្នមៗដើម្បីឱ្យសារធាតុចិញ្ចឹមស្រូបយកបានលឿន។ អ្នកគួរតែប្រើប្រាស់វាឱ្យបានទៀងទាត់ដើម្បីចិញ្ចឹមបបូរមាត់របស់អ្នកជារៀងរាល់ថ្ងៃ ជាពិសេសក្នុងរដូវរងារ ដើម្បីការពារបបូរមាត់ស្ងួត និងប្រេះ។