តារាចម្រៀង តន់ ចន្ទសីម៉ា ត្រូវបានអ្នកលេងបណ្តាញសង្គមរួមទាំងអ្នកគាំទ្រមួយចំនួនចង់ឱ្យតារាស្រីរូបនេះបកស្រាយបទចម្រៀងកុំកាច់តុងពេកជាក់ស្តែងដូចកាលពីច្រៀងបទ សែកមន្ត រួមទាំងបទថ្មីនេះទៀត។ ជាមួយគ្នានេះអ្នកគាំទ្រជាច្រើនចង់ឱ្យមានការផ្លាស់ប្តូរការសម្តែងក្នុង MV ដែលមានអ្នករាំច្រើនគួរតែផ្លាស់ប្តូរដើម្បីកុំឱ្យរសជាតិដដែលៗ។

ថ្មីៗនេះ តន់ ចន្ទសីម៉ា បានទម្លាក់ឈុតក្រៅឆាកមួយចំនួនពីការថត MV «កុលាបមានបន្លា» ជា Version នារី ដែលមាន Version បុរសជាតារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ។ ទោះយ៉ាងណា តាមរយៈចម្រៀងនិងការសម្តែងក្នុងបទនេះទស្សនិកជនជាអ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិជាច្រើនអំពីបទថ្មីរបស់តារាចម្រៀង តន់ ចន្ទសីម៉ា។
មានការលើកឡើងស្រដៀងៗគ្នាអំពីតារាស្រីរូបនេះទៅលើការបកស្រាយបទចម្រៀងរបស់នាងដែលច្រៀងកាច់តុងខុសពីការបកស្រាយរបស់ Version បុរស ។ ទស្សនិកជនចង់ឱ្យ តន់ ចន្ទសីម៉ា បកស្រាយចម្រៀងកុំកាច់តុងពេក ចង់ឱ្យនាងបកស្រាយដូចកាលពីមុនដែលទទួលបាននូវការគាំទ្រយ៉ាងច្រើនពីសំណាកទស្សនិកជន។ កាលពីចេញឃ្លាដំបូងនៃបទ «សែកមន្ត» កាលពីកន្លងមកថ្មីៗនេះ សីម៉ា ក៏ទទួលបានមតិប្រតិកម្មពីការច្រៀងរបស់នាងដូចគ្នា។
ចំណុចមួយទៀតអ្នកគាំទ្របានសម្លឹងមើលឃើញពីការថត MV នៃបទ «កុលាបមានបន្លា» ដែលមានមនុស្សរាំច្រើននិងស្លៀកសំលៀកបំពាក់ពណ៌ខ្មៅ។ រូបភាពនេះត្រូវបានអ្នកគាំទ្រលើកឡើងថា ស្ទាយ៍ដដែលៗដែលមានអ្នករាំច្រើនដូចគ្នាគួរតែផ្លាស់ប្តូរទម្រង់នេះដើម្បីកុំឱ្យមើលទៅសុំាភ្នែកឃើញដដែលៗពេក។
គួរបញ្ជាក់ផងដែរ ចុងក្រោយនេះនៅលើបណ្តាញសង្គមទិកតុកបទចម្រៀង រំលោះប្រពន្ធ របស់ តន់ ចន្ទសីម៉ា គឺទទួលបានការគាំទ្រគួរឱ្យកត់សម្គាល់ពីហ្វេនៗទាំងក្នុងស្រុកនិងក្រៅស្រុក រហូតថ្មីៗនេះមានការសម្ភាសន៍ពីខាងប្រទេសថៃ៕










