Cassius ដែលជាក្រពើទឹកប្រៃប្រវែងជាង ៥ ម៉ែត្រនិងមានអាយុជាង ១១០ ឆ្នាំឥឡូវនេះវាបានបាត់.បង់.ជីវិតហើយដោយសារបញ្ហាសុខភាព។
Cassius ដែលជាក្រពើធំជាងគេបំផុតរបស់ពិភពលោកបានស្លា.ប់បន្ទាប់ពីសុខភាពរបស់វាបានធ្លាក់ចុះយ៉ាងឆាប់រហ័សនៅពាក់កណ្តាលខែតុលា នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស BBC។ ក្រពើទឹកប្រៃប្រវែង ៥.៤៨ ម៉ែត្រ បានទទួលកំណត់ត្រាពិភពលោក Guinness សម្រាប់ក្រពើដ៏ធំបំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០១១។ 
Cassius បានរស់នៅក្នុងសួនសត្វ Marineland Melanesia Crocodile Habitat លើកោះ Green របស់ប្រទេសអូស្ត្រាលីតាំងពីឆ្នាំ ១៩៨៧ មកម្លេះ។ វាត្រូវបានគេចាប់បាននៅលើទន្លេ Finniss ក្បែរ Darwin ក្នុងឆ្នាំ ១៩៨៤ ដោយសារតែចរិតកាចសា.ហាវរបស់វាសម្លាប់មនុស្សច្រើន ដូច្នេះទើបវាត្រូវបានគេចាប់ចូលទ្រុង។ អ្នកតំណាងម្នាក់របស់ Marineland Melanesia បាននិយាយថា “ក្រពើយក្សនេះបានបង្កបញ្ហាគ្រប់ប្រភេទពីការចាប់ និងស៊ីសាច់សត្វ រហូតដល់ការវាយលុកទូក”។ .png)
បន្ទាប់ពីថែទាំវាអស់រយៈពេលជាច្រើនឆ្នាំ ក្រពើយក្ស Cassius ក៏មានបញ្ហាសុខភាព ហើយក៏ត្រូវបានផ្លាស់ទៅកន្លែងថែទាំជំនួយផ្សេងទៀតនៅទីក្រុង Cairns ប្រទេសអូស្ត្រាលី មិនយូររប៉ុន្មានវាក៏បានបាត់បង់ជីវិត។ យោងតាមអ្នកជំនាញក្រពើនេះ មានអាយុច្រើនណាស់ ដោយពួកគេគិតថា ក្រពើយក្សអាចមានអាយុលើសពី ១១០ ឆ្នាំនៅពេលដែលវាងាប់ ព្រោះនៅពេលចាប់ខ្លួន Cassius ត្រូវបានគេប៉ាន់ស្មានថាមានអាយុចន្លោះពី ៣០ ទៅ ៨០ ឆ្នាំហើយ។ 
ទោះជាយ៉ាងណា Toody Scott បុគ្គលិកម្នាក់ដែលមើលថែ Cassius នៅ Marineland Crocodile Park បាននិយាយថា “មិនមានវិធីណាដើម្បីដឹងពីអាយុពិតរបស់ Cassius ទេ ពីព្រោះវាបានកើតនៅក្នុងព្រៃ ហើយអាយុរបស់វាគ្រាន់តែជាការប៉ាន់ស្មានប៉ុណ្ណោះ” ។ ថ្វីត្បិតតែវាមានទំហំធំក៏ដោយ Cassius មិនមែនជាក្រពើធំបំផុតក្នុងប្រវត្តិសាស្ត្រនោះទេ។ កំណត់ត្រាក្រពើទឹកប្រៃធំបំផុតក្នុងប្រវត្តិសាស្ត្រនោះគឺបានទៅលើក្រពើ Lolong ដែលចាប់បានក្នុងប្រទេសហ្វីលីពីនក្នុងខែកញ្ញា ឆ្នាំ ២០១១ ជាមួយប្រវែង ៦,១៧ ម៉ែត្រ មុននឹងស្លាប់ក្នុងឆ្នាំ ២០១៣៕










