ប្រទេសអូស្ត្រាលី ៖ អូស្ត្រាលីបានស្នើឱ្យពលរដ្ឋទាំងអស់មិនស្ថិតនៅក្រោមកំដៅថ្ងៃ និងមិនចេញពីផ្ទះបើគ្មានការងារចាំបាច់ ដើម្បីចៀសវាងជំងឺដាច់សរសៃឈាមខួរក្បាល ក្រោយពីតំបន់ជាច្រើនរបស់អូស្ត្រាលីគ្របដណ្តប់ដោយអាកាសធាតុក្តៅខ្លាំង និងសីតុណ្ហភាពកើនឡើងខ្ពស់ ។
កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ការិយាល័យឧតុនិយមអូស្ត្រាលីបានប្រកាសអាសន្នពីអាកាសធាតុក្តៅខ្លាំងគ្របដណ្តប់តំបន់ជាច្រើន ដែលធ្វើឱ្យសីតុណ្ហភាពកើនឡើងខ្ពស់ ជាពិសេស តំបន់ភាគខាងកើត និងភាគខាងលិចប្រទេស ។ ហេតុនេះ សូមពលរដ្ឋគ្រប់រូបនៅតែក្នុងផ្ទះ ដើម្បីចៀសវាងជំងឺដាច់សរសៃឈាមខួរក្បាល ។.png)
អាជ្ញាធរអូស្ត្រាលីឱ្យដឹងថា នៅភាគកណ្តាល និងខាងកើតតំបន់ Queensland មានអាកាសធាតុក្តៅជាងតំបន់ផ្សេង ហើយអាជ្ញាធរបានណែនាំពលរដ្ឋផឹកទឹកឱ្យគ្រប់គ្រាន់, ស្ថិតនៅអគារមានម៉ាស៊ីនត្រជាក់ និងចៀសវាងស្ថិតក្រោមកំដៅថ្ងៃ ។ អាកាសធាតុក្តៅខ្លាំងអាចបង្កគ្រោះថ្នាក់ដល់មនុស្សជាច្រើន ជាពិសេស មនុស្សចាស់ ទារក កុមារ ស្ត្រីមានផ្ទៃពោះ ស្ត្រីផ្តល់ទឹកដោះឱ្យកូន និងអ្នកជំងឺ ។.png)
គួរបញ្ជាក់ថា ប្រទេសអូស្ត្រាលីបានប្រឈមនឹងអាកាសធាតុក្តៅខ្លាំងជាច្រើនលើកនាពេលកន្លងមក ដែលពេលខ្លះ សីតុណ្ហភាពបានកើនឡើងរហូតដល់ជាង៤០អង្សារសេ ។ 
អ្នកជំនាញមកពីក្រុមហ៊ុនស្រាវជ្រាវ Risk Frontiers និយាយថា រលកកំដៅ គឺជាគ្រោះធម្មជាតិដ៏គ្រោះថ្នាក់បំផុតក្នុងរដូវក្តៅរបស់អូស្ត្រាលី ដោយសារយើងពុំអាចមើលឃើញដោយភ្នែកទទេដូចភ្លើងឆេះព្រៃ ដែលធ្វើឱ្យមនុស្សភាគច្រើនគិតថា អាកាសធាតុក្តៅគ្មានផលប៉ះពាល់ ។ ពេលភ្លើងឆេះព្រៃនៅទីក្រុង Melbourne កាលពីឆ្នាំ២០០៩ មនុស្សបានស្លាប់យ៉ាងច្រើនដោយសាររលកកំដៅនៅជុំវិញ ។ 
រីឯភ្នាក់ងារវិទ្យាសាស្ត្រ និងអាកាសធាតុបញ្ជាក់ថា អូស្ត្រាលីមានសីតុណ្ហភាពកើនឡើងជាមធ្យម ស្មើនឹង១.៤អង្សារសេ គិតចាប់ពីអូស្ត្រាលីបានកត់ត្រាកាលពីឆ្នាំ១៩១០ ។ អាកាសធាតុក្តៅខ្លាំងមិនត្រឹមតែបណ្តាលឱ្យភ្លើងឆេះព្រៃប៉ុណ្ណោះទេ ប៉ុន្តែវានឹងប៉ះពាល់សុខភាពពលរដ្ឋផងដែរ ៕










