ប្រទេសជប៉ុន ហុងកុង ថៃ និងអ៊ីតាលីបានបង្កើនការគ្រប់គ្រងនៅអាកាសយានដ្ឋាន និងប្រកាសឱ្យប្រជាជនការពារខ្លួន ឬផ្អាកការធ្វើដំណើរជាបណ្តោះអាសន្នទៅកាន់ប្រទេសកុហ្គោ ដោយសារប្រទេសនេះកំពុងផ្ទុះជំងឺអាថ៌កំបាំងមួយ។
យោងតាមសារព័ត៌មានបរទេសចុះផ្សាយថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ប្រទេសកុហ្គោបានផ្ទុះជំងឺអាថ៌កំបាំងមួយដែលបណ្តាលឱ្យមនុស្ស ១៤៣ នាក់ស្លា.ប់ដោយគ្មានមូលហេតុពិតប្រាកដ ដោយសារជំងឺនេះមានរោគសញ្ញាដូចជាគ្រុនក្តៅផង ផ្តាសាយផង និងឈឺក្បាលធ្ងន់ធ្ងរ ធ្វើឱ្យគ្រូពេទ្យមិនអាចពិនិត្យដឹងថា ជាជំងឺអ្វីពិតប្រាកដនោះទេ។
ទោះជាយ៉ាងណាបើយោងតាមលទ្ធផលនៃការធ្វើតេស្តដំបូងពីការស៊ើបអង្កេតរបស់ WHO ក្នុងចំណោមគំរូអ្នកជំងឺ ១២ នាក់ ១០ នាក់មានភាពវិជ្ជមានសម្រាប់ជំងឺគ្រុនចាញ់។ លោកវេជ្ជបណ្ឌិត Abdi Mahamud នាយកបណ្ដោះអាសន្ននៃការជូនដំណឹង និងការឆ្លើយតបរបស់អង្គការសុខភាពពិភពលោក បាននិយាយថា ជំងឺគ្រុនចាញ់គឺជាជំងឺរាតត្បាតនៅក្នុងតំបន់ ហើយរដូវវស្សាបណ្តាលឱ្យមានការកើនឡើងខ្លាំងនៃជំងឺផ្លូវដង្ហើម។.png)
ដូច្នេះហើយបណ្តាប្រទេសផ្សេងៗក៏បានបង្កើនការប្រុងប្រយ័ត្នរបស់ពួកគេ ក៏ដូចជាបង្កើនការគ្រប់គ្រងនៅអាកាសយានដ្ឋាន និងប្រកាសឱ្យប្រជាជនការពារខ្លួនអំពីការរីករាលដាលជំងឺដ៏អាថ៌កំបាំងដែលកំពុងផ្ទុះឡើងនៅក្នុងប្រទេសកុងហ្គោ។ ថ្មីៗនេះ មន្ត្រី ហុងកុង បានចេញបទប្បញ្ញត្តិពិនិត្យសុខភាពសម្រាប់អ្នកដំណើរ និងនាវិកនៃជើងហោះហើរទាំងអស់ដែលមកដល់ពីមជ្ឈមណ្ឌលអាហ្វ្រិក ដើម្បីដោះស្រាយជាមួយនឹងជំងឺរាតត្បាតដែលមិនស្គាល់។

យោងតាមមជ្ឈមណ្ឌលការពារសុខភាពហុងកុង (CHP) អ្នកដំណើរទាំងអស់ដែលចូលប្រទេស ត្រូវតែត្រួតពិនិត្យសីតុណ្ហភាពរាងកាយរបស់ពួកគេជាមុនសិន។ បន្ទាប់មកបុគ្គលិកពេទ្យនឹងវាយតម្លៃសុខភាពអ្នកដែលមានរោគសញ្ញា ហើយបញ្ជូនករណីសង្ស័យទៅមន្ទីរពេទ្យ។ ទន្ទឹមនឹងនេះក្រសួងសុខាភិបាលថៃ ក៏បានណែនាំឱ្យមានការប្រុងប្រយ័ត្នចំពោះការផ្ទុះឡើងជំងឺនេះផងដែរ។
លោក Opas Kankawinpong លេខាធិការអចិន្ត្រៃយ៍នៃក្រសួងបាននិយាយថា អាជ្ញាធរសុខាភិបាលទាំងអស់តម្រូវឱ្យតាមដានយ៉ាងដិតដល់នូវចលនារបស់មនុស្ស និងព័ត៌មានថ្មីៗអំពីជំងឺនេះ ទោះបីជាប្រទេសថៃត្រូវបានចាត់ទុកថាជាប្រទេសដែលមានហានិភ័យទាបក៏ដោយ។ រីឯប្រទេសអ៊ីតាលី ក្រុមមន្ត្រីបានសម្រេចចិត្តបង្កើនការត្រួតពិនិត្យនៅព្រលានយន្តហោះសម្រាប់អ្នកដំណើរដែលមកពីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ ចំណែកឯប្រទេសជប៉ុនវិញក្រសួងការបរទេសក៏បានណែនាំប្រជាជនកុំឱ្យធ្វើដំណើរទៅកាន់តំបន់ដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតប្រសិនបើមិនចាំបាច់៕










