ប្រទេសហ្វីលីពីន ៖ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មាន PNA របស់ហ្វីលីពីនរាយការណ៍ថា ភ្នំភ្លើងឈ្មោះ Kanlaon ស្ថិតនៅលើកោះ Negros និងនៅចំណុចកណ្តាលប្រទេសហ្វីលីពីន បានបាញ់ផ្សែងលាយផេះឡើងទៅលើមេឃ រហូតដល់ជាង៤គីឡូម៉ែត្រ តាំងពីថ្ងៃទី៩ ខែធ្នូ កន្លងមក ។
ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានថ្លែងថា រដ្ឋាភិបាលបានត្រៀមជួយសង្គ្រោះពលរដ្ឋរងផលប៉ះពាល់ដោយសារបន្ទុះភ្នំភ្លើង ស្មើប្រមាណ៨៧,០០០នាក់ ។ លោកបានបញ្ជាឱ្យលោក Rex Gatchalian រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គម ធ្វើដំណើរទៅកាន់កោះ Negros ដើម្បីជួយសង្គ្រោះពលរដ្ឋចេញពីតំបន់គ្រោះថ្នាក់ ។
លោក Ferdinand បន្តថា រដ្ឋាភិបាលបានត្រៀមថវិកាមួយចំនួនដើម្បីជួយឧបត្ថម្ភពលរដ្ឋរងគ្រោះលើកនេះ និងជម្លៀសពលរដ្ឋដែលរស់នៅជុំវិញភ្នំភ្លើង Kanlaon ក្នុងចម្ងាយ៦គីឡូម៉ែត្រ ។ ភ្នាក់ងារបរិស្ថាន និងធនធានធម្មជាតិ បានសហការជាមួយភ្នាក់ងារវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា តាមដានអាកាសធាតុនៅតំបន់ជុំវិញភ្នំភ្លើងយ៉ាងដិតដល់ ដើម្បីវាយតម្លៃថា តើភ្នំភ្លើងនឹងផ្ទុះឡើងក្នុងកម្រិតណា ហើយអាជ្ញាធរត្រូវជម្លៀសពលរដ្ឋបន្ថែមទៀតដែរឬទេ?
ចំណែកអាជ្ញាធរក្នុងតំបន់និយាយថា ពួកគេបានជួយជម្លៀសពលរដ្ឋរស់នៅភូមិចំនួន៤ ក្នុងទីក្រុងកាឡាសតេលឡាណា ដែលស្ថិតនៅលើភាគពាយ័ព្យភ្នំភ្លើង Kanlaon ទៅកាន់កន្លែងមានសុវត្ថិភាព ក្រោយពីភ្នំភ្លើងបាញ់ផេះពណ៌ក្រហមឡើងលើមេឃ និងមានវត្ថុផ្សេងៗធ្លាក់មកក្រោម ។
កាលពីខែកញ្ញា ឆ្នាំ២០២៤ ពលរដ្ឋហ្វីលីពីនរាប់រយនាក់បានជម្លៀសចេញពីលំនៅឋានទៅកាន់កន្លែងមានសុវត្ថិភាព ក្រោយពីភ្នំភ្លើងនេះបញ្ចេញឧស្ម័នគ្រោះថ្នាក់យ៉ាងច្រើនត្រឹមតែ១ថ្ងៃ ។
យោងតាមទិន្នន័យរបស់ការិយាល័យរញ្ជួយដីបញ្ជាក់ថា ភ្នំភ្លើង Kanlaon បានផ្ទុះរហូតដល់ជាង៤០លើក តាំងពីឆ្នាំ១៨៦៦ ហើយការផ្ទុះភ្នំភ្លើងនៅឆ្នាំ១៩៩៦ ធ្វើឱ្យអ្នកឡើងភ្នំស្លាប់អស់៣នាក់ ៕