បរទេស៖ ប្រទេសអេហ្ស៊ីបបានសាងសង់អគារកីឡាដ៏មិនគួរឱ្យជឿមួយនៅកណ្តាលវាលខ្សាច់ក្នុងតម្លៃ ៤៣ លានដុល្លារអាមេរិក ជាមួយនឹងក្តីសង្ឃឹមនៃការធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកនៅឆ្នាំ ២០៣៦។.png)
ដូច្នេះគម្រោងដ៏ស្មុគស្មាញមានតម្លៃរាប់លាននាក់ដុល្លារនេះនឹងត្រូវបានសម្ពោធជាផ្លូវការនៅឆ្នាំ ២០២៥ ខាងមុខ ក្នុងគោលបំណងដេញថ្លៃធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកនៅឆ្នាំ ២០៣៦ និងដើម្បីបង្កើតប្រវត្តិសាស្ត្រសម្រាប់ទ្វីបអាហ្រ្វិក នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស Express។.png)
គម្រោងអគារកីឡានៅក្នុងប្រទេសអេហ្ស៊ីបត្រូវបានសាងសង់តាំងពីឆ្នាំ ២០១៥ រួមមានកន្លែងហ្វឹកហាត់ដ៏ធំ សាលធំពីរ អាងហែលទឹក និងអគារទំនើបៗជាច្រើនទៀត ជាមួយសមត្ថភាពផ្ទុកមនុស្សបានជាង ៩៣,០០០ នាក់ ដែលធ្វើឱ្យវាក្លាយជាកីឡដ្ឋានដ៏ធំបំផុតរបស់ប្រទេស និងធំជាងគេទីពីរនៅទ្វីបអាហ្វ្រិក។ កីឡដ្ឋាននេះក៏នឹងជំនួសកីឡដ្ឋានអន្តរជាតិ Cairo ជាកីឡដ្ឋានជាតិថ្មីរបស់ប្រទេសអេហ្សីបផងដែរ។ វាត្រូវបានគេរាយការណ៍ថាអគារកីឡាទាំងមូលនេះមានតម្លៃប្រហែល ៤៣.៩ លានដុល្លារអាមេរិក។
ប្រសិនបើប្រទេសអេហ្ស៊ីបបានធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកឆ្នាំ ២០៣៦ ពិតមែនវានឹងក្លាយជាពេលវេលាប្រវត្តិសាស្ត្រដ៏អស្ចារ្យមួយសម្រាប់ទ្វីបអាហ្រ្វិក ខណៈដែលគ្មានប្រទេសអាហ្រ្វិកណាមួយធ្លាប់ធ្វើជាម្ចាស់ផ្ទះរបស់កីឡាអូឡាំពិកនោះទេ មានន័យថាអេហ្ស៊ីបនឹងបង្កើតប្រវត្តិសាស្ត្រក្នុងពេលឆាប់ៗនេះ។ បច្ចុប្បន្នប្រទេសអេហ្ស៊ីបមិនត្រឹមតែកំពុងពិចារណាធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកឆ្នាំ ២០៣៦ ប៉ុណ្ណោះទេ ថែមទាំងកំពុងពិចារណាលើការប្រកួតកីឡាអូឡាំពិកឆ្នាំ ២០៤០ ផងដែរ។
ប្រធានសមាគមគណៈកម្មាធិការជាតិអូឡាំពិកអាហ្រ្វិក (ANOCA) លោក Mustapha Berraf បាននិយាយថា ប្រទេសអេហ្ស៊ីបបានខិតខំប្រឹងប្រែងរួចមកហើយដើម្បីរៀបចំសម្រាប់សក្តានុពលនៃការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់នេះ ដូច្នេះលោកជឿជាក់ថា “អាហ្វ្រិកមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិកនៅឆ្នាំ ២០៣៦” ។ គួរបញ្ជាក់ដែរថា កន្លងទៅប្រទេសអេហ្ស៊ីបក៏ធ្លាប់ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាសំខាន់ៗដែរដូចជា Africa Cup of Nations និង World Handball Championship ប៉ុន្តែកីឡាអូឡាំពិកគឺជាព្រឹត្តិការណ៍ថ្មីទាំងស្រុងដែលប្រទេសមួយនេះមិនធ្លាប់បានធ្វើជាម្ចាស់ផ្ទះនោះឡើយ៕










