តារាចម្រៀងរ៉េប ទេព ពិសិដ្ឋ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចេញមតិរិះគន់ថា គ្មានសុជីវធម៌ ជាក្មេងឈ្លើយ មិនគោរពរៀមច្បង បន្ទាប់ពីពាក់មួកចូលរួមផ្តល់សម្ភាសន៍នៅក្នុងកម្មវិធី។

កាលពីពេលថ្មីៗនេះកម្មវិធី អ្នកជិតខាង មានតារាចម្រៀងរ៉េប ទេព ពិសិដ្ឋ បានចូលរួមផ្តល់បទសម្ភាសន៍ដោយបានជីកកកាយពីប្រវត្តិនៃអាជីពសិល្បៈការតស៊ូ របស់គេនិងភាពផ្លាស់ប្តូរពីការច្រៀងបទមនោសញ្ចេតនាក្លាយជាតារាចម្រៀងរ៉េបមួយរូបដែលកំពុងទទួលបានប្រជាប្រិយភាព។ ទោះយ៉ាងណា ការចូលរួមរបស់ ទេព ពិសិដ្ឋ បានក្លាយជាប្រធានបទជជែកវែកញែកនិងរិះគន់ទៅកាន់អតីតម្ចាស់ពានរូបនេះវិញបន្ទាប់ពីទស្សនិកជនមើលឃើញថា ទេព ពិសិដ្ឋ ពាក់មួកចូលរួមក្នុងកម្មវិធីហើយសុទ្ធតែជារៀមច្បង។
អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិថា «ខ្លួនក្មេងនិយាយជាមួយចាស់សុទ្ធពាក់មួក, ក្មេងឈ្លើយ, និយាយជាមួយរាមច្បងសុទ្ធតែពាក់មួក , គ្មានសុជីវធម៌, យល់ថាការតែងខ្លួនបែបហ៊ីបហបតែគួរយល់ថាជាតារាកិត្តិយស, ស្ទូឌីយូគេមានដំបូលតើ ពាក់មួក1មធ្យម ងំ2ត្រួតហ្មង»។ អ្នកផ្សេងទៀតបានខម្មិនថា «គ្មានអ្នកណែនាំគាត់ឬយ៉ាងណា បានស្លៀកពាក់មិនសមរម្យសោះ, បើមានសុជីវធម៌ល្អជាងនេះអាចនឹងមានអ្នកគាំទ្រកាន់តែច្រើន ,ល្បីឈ្មោះយូរៗលែងមានសីលធម៌អស់ហើយ, សមត្ថភាពប្អូនមានហើយបើប្អូនគិតពីសុជីវធម៌តិចរឹតតែល្អ, អូនកុំគិតថាអ្វីដែលប្អូនស្លៀកពាក់នឹងគឺជាស្ដាយអីដោយកន្លែងណា៎អូន»។
ជាមួយនឹងមតិរិះគន់ទៅកាន់ ទេព ពិសិដ្ឋ អ្នកមួយចំនួនក៏បានលើកឡើងដែរថា នេះជាសំលៀកបំពាក់ស្ទាយ៍ Rapper ។
គេចាំបានថា កាលពីខែសីហា កន្លងមកនេះតារាចម្រៀងរ៉េប វណ្ណដា បានសារសូមអភ័យទោសនូវកំហុសឆ្គងបន្ទាប់ពីមានរូបភាពលោកមិនបានដោះមួកពេលត្រឡប់មកពីប្រទេសបារាំងហើយទទួលបានទទួលស្វាគមន៍ពីមន្រ្តីជាន់ខ្ពស់កីឡាអូឡាំពិកកម្ពុជា ឪពុកម្តាយ ក្រុមការងារ និងហ្វេនៗធ្វើឱ្យមានការវែកញែកទៅលើសកម្មភាពពាក់មួករបស់លោកផងដែរ៕










