ប្រទេសថៃ ៖ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា នេះជាដំណឹងដ៏គួរឱ្យរីករាយយ៉ាងខ្លាំងសម្រាប់ពលរដ្ឋនៅទូទាំងប្រទេស គឺថៃបញ្ចុះតម្លៃប្រេងម៉ាស៊ូតចំនួន១បាតក្នុង១លីត្រ (ឬស្មើនឹង១០០រៀល) រយៈពេល១ខែ ដោយគិតចាប់ពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ដើម្បីអបអរទិវាលោកឪពុក ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ។
.jpg)
លោក ភីរ៉ាផាន់ សាលីរ៉ាត់វិផាក ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងថាមពលនិយាយថា ក្រសួងថាមពល និងក្រុមហ៊ុន SUSCO បានសហការគ្នាបញ្ចុះតម្លៃប្រេងម៉ាស៊ូតចំនួន១បាតក្នុង១លីត្រ រយៈពេល១ខែ គិតចាប់ពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ។ ហេតុនេះ ពលរដ្ឋអាចមកចាក់ប្រេងម៉ាស៊ូតនៅតាមស្ថានីយប្រេងរបស់ក្រុមហ៊ុន SUSCO និង SINOPEC ចំនួន១៥៨កន្លែង ដើម្បីអបអរទិវាលោកឪពុក និងជាកាដូឆ្នាំថ្មីសម្រាប់ពលរដ្ឋគ្រប់រូប ។
លោក ភីរ៉ាផាន់ បញ្ជាក់ថា ក្រសួងថាមពលបានប្តេជ្ញាចិត្ត និងអនុវត្តគោលនយោបាយគ្រប់ផ្នែកដើម្បីកាត់បន្ថយបន្ទុកចំណាយរបស់ពលរដ្ឋ ជាពិសេស កាត់បន្ថយការចំណាយផ្នែកថាមពល ដូចជា ៖ តម្លៃអគ្គិសនី, ប្រេងឥន្ធនៈ និងឧស្ម័ន ដើម្បីផ្តល់សេចក្តីសុខ និងសុភមង្គលជូនពលរដ្ឋ ។ បើទោះជាតម្លៃប្រេងឥន្ធនៈបានកើនឡើងតាមទីផ្សារពិភពលោក ដែលហួសពីការគ្រប់គ្រងរបស់ក្រសួងថាមពលក្តី ប៉ុន្តែកន្លងមក ក្រសួងពុំបានព្រងើយកន្តើយទេ ហើយព្យាយាមរកវិធីបញ្ចុះតម្លៃប្រេងនៅថៃជាបន្តបន្ទាប់ ។.png)
លើសពីនេះ ក្រសួងថាមពលក៏បានស្វែងរកការសហការពីគ្រប់ផ្នែកផងដែរ ដើម្បីកាត់បន្ថយការចំណាយលើថាមពលរបស់ពលរដ្ឋនៅទូទាំងប្រទេសឱ្យទទួលបានតម្លៃប្រេងឥន្ធនៈសមរម្យ ។ ក្រសួងសូមអរគុណដល់ក្រុមហ៊ុន SUSCO និងលោក ម៉ុងឃុន ស៊ិម៉ារ៉ូជ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន SUSCO យ៉ាងខ្លាំង ដែលបានចូលរួមកាត់បន្ថយការចំណាយរបស់ពលរដ្ឋមួយចំណែក ។
ចំណែកលោក ម៉ុងឃុន ស៊ិម៉ារ៉ូជ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន SUSCO និយាយថា ក្រុមហ៊ុនបានសហការជាមួយក្រសួងថាមពល បញ្ចុះតម្លៃប្រេងម៉ាស៊ូតរយៈពេលមួយខែ ដើម្បីអបអរថ្ងៃទិវាលោកឪពុក ឬរំលឹកគុណដល់អតីតព្រះមហាក្សត្រថៃ ព្រះបាទមហាភូមិបុល អាឌុលយ៉ាដេត ។ វាជាការផ្តល់ប្រយោជន៍ និងក្តីសុខ ព្រមទាំងជួយពលរដ្ឋតាមគោលនយោបាយរបស់ក្រសួងថាមពល ក្រោមការដឹកនាំរបស់លោក ភីរ៉ាផាន់ ។ ដូច្នេះ កសិករ, ផ្នែកឧស្សាហកម្ម, ផ្នែកដឹកជញ្ជូន ព្រមទាំងពលរដ្ឋទាំងអស់អាចចាក់ប្រេងក្នុងតម្លៃថោកតាមពេលវេលាកំណត់នេះ ៕










