កូរ៉េខាងត្បូង៖ ថ្មីៗនេះប្រទេសកូរ៉េខាងត្បូងបានធ្លាក់ចូលក្នុងភាពចលាចលនៃវិបត្តិនយោបាយដ៏ជ្រៅបំផុតក្នុងប្រវត្តិសាស្ត្រប្រជាធិបតេយ្យទំនើបរបស់ខ្លួន បន្ទាប់ពីប្រធានាធិបតី Yoon Suk-yeol ស្រាប់តែប្រកាសចេញច្បាប់អាជ្ញាសឹកតាមកញ្ចក់ទូរទស្សន៍ កាលពីយប់ថ្ងៃទី ៣ ខែធ្នូដោយឯងៗ មិនបានពិភាក្សាជាមួយនរណាម្នាក់ ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បង្កឱ្យមានការរិះ.គន់យ៉ាងចាស់ដៃទៅលើប្រធានាធិបតីរូបនេះ។
.png)
ទោះបីជាព្រឹកថ្ងៃទី ៤ ខែធ្នូលោកប្រធានាធិបតី Yoon Suk-yeol បានប្រកាសដកច្បាប់អាជ្ញាសឹកចេញក៏ដោយ ក៏គណបក្សប្រឆាំងជាច្រើនបានដាក់សំណើរមួយដើម្បីចោទប្រកាន់ប្រធានាធិបតី Yoon Suk Yeol ជុំវិញការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់គាត់។ ដូច្នេះបច្ចុប្បន្នប្រធានាធិបតីរូបនេះ កំពុងប្រឈមមុខនឹងការបាត់បង់តំណែង ដោយសារប្រជាពលរដ្ឋ និងគណបក្សប្រឆាំងចំនួនប្រាំមួយ រួមទាំងគណបក្សប្រជាធិបតេយ្យ បានអំពាវនាវឱ្យលោកលាលែងពីតំណែងភ្លាមៗ បន្ទាប់ពីលោកធ្វើឱ្យប្រទេសជួបភាពចលាចលពេញមួយយប់។
គណបក្សប្រឆាំង រួមទាំងគណបក្សប្រជាធិបតេយ្យបាននិយាយថា “ការប្រកាសច្បាប់អាជ្ញាសឹករបស់ប្រធានាធិបតី Yoon Suk Yeol គឺជាការបំពានយ៉ាងច្បាស់លើរដ្ឋធម្មនុញ្ញ”។ ការប្រកាសភ្លាមៗនេះគឺជាការរំលោភរដ្ឋធម្មនុញ្ញយ៉ាងធ្ងន់ធ្ងរ វាជាអំពើបះបោរដ៏ធ្ងន់ធ្ងរមួយ ហើយត្រូវឱ្យលោកលាលែងពីតំណែងភ្លាមៗ។ លោក Lee Jae-myung មេដឹកនាំគណបក្សប្រជាធិបតេយ្យ បានបន្ថែមថា “ប្រធានាធិបតីរូបនេះបានប្រព្រឹត្តទង្វើដែលស្មើនឹងការក្បត់ជាតិ នៅពេលដែលគាត់ប្រមូលផ្តុំទាហានភ្លាមៗ” ច្បាស់ណាស់គាត់មិនអាចបន្តកាន់តំណែងនេះទៀតទេ។
គួរបញ្ជាក់ថា ច្បាប់អាជ្ញាសឹកគឺជាច្បាប់ដែរបង្កើតឡើងនៅពេលប្រទេសជាតិមានអាសន្ន និងផ្តល់អំណាចដឹកនាំទៅឱ្យក្រុមកងទ័ពយោធា ដោយយោធាប្រើអំណាចត្រួចត្រាជាទូទៅលើកិច្ចការខាងស៊ីវិលដើម្បីស្តារសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខ។ ជាទូទៅរដ្ឋាភិបាលមួយកម្រអនុវត្តច្បាប់អាជ្ញាសឹកណាស់ព្រោះថា វាប៉ះពាល់ខ្លាំងដល់គោលការណ៍លទ្ធិប្រជាធិបតេយ្យ លុះត្រាតែស្ថានភាពសន្តិសុខ និងសន្តិភាពក្នុងប្រទេសនោះមានលក្ខណៈដុនដាបខ្លាំងទើបគេអនុវត្តច្បាប់នេះឡើង។ ដូច្នេះច្បាប់នេះអាចរឹតបន្តឹងសិទ្ធិសេរីភាពរបស់ប្រព័ន្ធផ្សព្វផ្សាយ និងពលរដ្ឋទូទៅ ៕.png)










