Luhan អតីតសមាជិកក្រុម EXO បានប្រឈមមុខនឹងការរិះគ.ន់បន្ទាប់ពីលេចចេញនូវភាពស្រវឹង និងអាកប្បកិរិយាមិនប្រក្រតីអំឡុងពេលការផ្សាយផ្ទាល់នាពេលថ្មីៗនេះ។

តារាចម្រៀងវ័យ ៣៣ ឆ្នាំរូបនេះបានបង្ហាញសញ្ញានៃការស្រវឹង រួមទាំងទឹកមុខឡើងក្រហម ទឹកមុខស្រងូតស្រងាត់ រូបរាងរបស់លោកកាន់តែយ៉ាប់យ៉ឺន និងចលនាមិនចុះសម្រុងគ្នា ដែលនាំឱ្យអ្នកទស្សនាស្មានថាលោកប្រហែលជាបានផឹកស្រា ឬសារធាតុរំញោចមុនពេលការផ្សាយផ្ទាល់នេះបើយោងតាមសារព័ត៌មាន Znews ដកស្រង់ពីទំព័រ 163 ។ ពេលដែលទស្សនិកជនរិះគន់ខ្លួន Luhan មានការខឹងសម្បារខ្លាំងហើយបានបញ្ចេញមតិតបវិញថា «តើអ្នកហ៊ាននិយាយបែបនេះដាក់មុខខ្ញុំទេ? ប្រសិនបើអ្នកមិនមានភាពក្លាហានទេ ចូរនៅស្ងៀមទៅ»។
ឧបទ្ទវហេតុនេះក៏បានទាក់ទាញចំណាប់អារម្មណ៍ដល់មិត្តស្រីរបស់លោកគឺតារាសម្តែង Guan Xiaotong បន្ទាប់ពីអ្នកគាំទ្របានកត់សម្គាល់ឃើញវត្តមានរបស់នាងក្នុងអំឡុងពេលផ្សាយផ្ទាល់។ អ្នកខ្លះបានចង្អុលបង្ហាញការលើកឡើងដ៏ចម្រូងចម្រាសមុនរបស់នាង និងបានចែករំលែកការស្រលាញ់ចំពោះគ្រឿងស្រវឹង ដែលធ្វើឱ្យគូស្នេហ៍មួយគូនេះក្លាយជាប្រធានបទពេញនិយមលើបណ្ដាញសង្គមចិន។
អ្នកគាំទ្រសម្តែងការខកចិត្តចំពោះអាកប្បកិរិយារបស់ Luhan ដោយហៅថាគ្មានវិជ្ជាជីវៈ និងបង្ហាញពីការគ្រប់គ្រងខ្លួនឯងមិនល្អ។ អ្នកគាំទ្ររបស់ Guan Xiaotong ក៏បានសម្តែងការខកចិត្តរបស់ពួកគេផងដែរ ដោយបន្ទោស Luhan សម្រាប់ការអូសទាញនាងចូលទៅក្នុងជម្លោះ។

Luhan ដែលបានបង្ហាញខ្លួនដំបូងជាមួយក្រុម EXO ក្នុងឆ្នាំ២០១២ ដោយបានចាកចេញពីក្រុមក្នុងឆ្នាំ ២០១៤ បន្ទាប់ពីបានដាក់ពាក្យប្តឹងផលិតកម្ម SM Entertainment ដើម្បីបញ្ចប់កិច្ចសន្យារបស់ខ្លួន។ ចាប់តាំងពីពេលនោះមកលោកបានក្លាយជាសិល្បករទោលដ៏ជោគជ័យម្នាក់នៅក្នុងប្រទេសចិន។
Guan Xiaotong អាយុ ២៧ ឆ្នាំគឺជាតារាសម្តែងដ៏ល្បីល្បាញដែលត្រូវបានទទួលស្គាល់ល្អបំផុតសម្រាប់តួនាទីរបស់នាងនៅក្នុងរឿង «To Be A Better Man» ឆ្នាំ២០១៦ ។ គូស្នេហ៍មួយគូនេះ បានរួមរស់ជាមួយគ្នាចាប់តាំងពីការបញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេក្នុងខែតុលា ឆ្នាំ ២០១៧ ទោះបីជាមានការប្រឆាំងពីអ្នកគាំទ្ររបស់ Luhan ក៏ដោយ៕










