សហរដ្ឋអាមេរិក ៖ ផែនការរបស់លោក Donald Trump គឺការដំឡើងពន្ធទំនិញនាំចូលពីប្រទេសកាណាដា និងម៉ិកស៊ិក ស្មើ២៥% អាចធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណេញក្រុមហ៊ុនផលិតរថយន្តនានារបស់អាមេរិក ជាពិសេស ក្រុមហ៊ុន General Motors (GM) ។
លោក Trump ដែលជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកថ្មី បានប្រកាសកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា លោកនឹងបញ្ជាឱ្យដំឡើងពន្ធទំនិញនាំចូលពីប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗ ចំនួន៣ គឺ ៖ កាណាដា, ម៉ិកស៊ិក និងចិន ស្របតាមគោលនយោបាយ «America First» ដែលលោកធ្លាប់សន្យាពេលរកសំឡេងឆ្នោត ។
ហេតុនេះ លោកនឹងដំឡើងពន្ធទំនិញនាំចូលពីកាណាដា និងម៉ិកស៊ិក ស្មើនឹង២៥% រហូតដល់ប្រទេសទាំងពីរដោះស្រាយបញ្ហាថ្នាំញៀន ជាពិសេស ថ្នាំញៀនហ្វេនតានីល (Fentanyl) ព្រមទាំងដោះស្រាយបញ្ហាជនភៀសខ្លួន ។ ក្រៅពីនេះ លោកនឹងដំឡើងពន្ធទំនិញនាំចូលពីចិន លើសមុន១០% ។
ប៉ុន្តែការដំឡើងពន្ធរបស់លោក Trump បែរជាធ្វើឱ្យប៉ះពាល់ក្រុមហ៊ុនរបស់អាមេរិកទៅវិញ ជាពិសេស ក្រុមហ៊ុនផលិតរថយន្ត ចំនួន៣ ប៉ះពាល់ខ្លាំងជាងគេ គឺ ៖ General Motors, Ford និងក្រុមហ៊ុន Stellantis ដោយសារក្រុមហ៊ុនអាមេរិកទាំងនេះមានរោងចក្រនៅក្រៅប្រទេស និងនាំចូលគ្រឿងបន្លាសពីក្រៅប្រទេសមកអាមេរិក ។
General Motors ស្ថិតក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តឈានមុខរបស់អាមេរិក ដែលក្រុមហ៊ុននេះនាំចេញរថយន្តពីម៉ិកស៊ិក មកអាមេរិកខាងជើង ព្រមទាំងក្រុមហ៊ុន Ford និង Stellantis នឹងរងផលប៉ះពាល់ដោយសារការដំឡើងពន្ធទំនិញរបស់លោក Trump ។ តាមទិន្នន័យរបស់សមាគមឧស្សាហកម្មរថយន្តម៉ិកស៊ិកបញ្ជាក់ថា ក្រុមហ៊ុនផលិតរថយន្ត ចំនួន១០ ដែលមានរោងចក្រនៅម៉ិកស៊ិក បានផលិតរថយន្តសរុបចំនួន១លាន៤សែនគ្រឿង នៅឆមាសទី១ ឆ្នាំ២០២៤ ក្នុងនោះរថយន្ត៩០% បាននាំចេញពីម៉ិកស៊ិក មកអាមេរិក ។
ក្រុមហ៊ុនវិភាគទិន្នន័យលំដាប់ពិភពលោក Global Data ឱ្យដឹងថា ក្រុមហ៊ុន General Motors របស់អាមេរិក នឹងនាំចូលរថយន្តពីកាណាដា និងម៉ិកស៊ិក ស្មើជាង៧៥ម៉ឺនគ្រឿង នៅឆ្នាំ២០២៤ ។ ក្រៅពីនេះ ក្រុមហ៊ុននឹងនាំចូលរថយន្តភីកអាប់យក្ស Chevy Silverado ឬ GMC Sierra ជិត៣៧ម៉ឺនគ្រឿង ព្រមទាំងរថយន្ត SUV ទំហំកណ្តាល ជិត៣៩ម៉ឺនគ្រឿង ។
រោងចក្ររបស់ក្រុមហ៊ុន General Motors នៅម៉ិកស៊ិក ក៏បានផលិតរថយន្តអគ្គិសនីថ្មី២ម៉ាក គឺ Equinox និង Blazer SUV អាចនឹងរងផលប៉ះពាល់ដោយសារការដំឡើងពន្ធរបស់លោក Trump ផងដែរ ។ ក្រុមហ៊ុននេះមានបុគ្គលិកចំនួន១២៥,០០០នាក់នៅអាមេរិកខាងជើង ហើយការលក់រថយន្តធ្លាក់ចុះនៅម៉ិកស៊ិក នឹងប៉ះពាល់ដល់ប្រាក់ចំណេញក្រុមហ៊ុនក្នុងតំបន់ ។
ក្រៅពីនេះ ការដំឡើងពន្ធ ក៏បានធ្វើឱ្យការចំណាយដើមទុនសម្រាប់ដំឡើងរថយន្តនៅអាមេរិកកើនឡើងផងដែរ ដោយសារ General Motors បាននាំចូលគ្រឿងបន្លាស់រថយន្តពីកាណាដា និងម៉ិកស៊ិក ស្មើជាង៥០% នៃគ្រឿងបន្លាស់រថយន្តទាំងអស់មកអាមេរិក ៕