ថ្លែងនៅក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងតំបន់បឹងជង្រុកតេជោ ឈ្នះ ឈ្នះ ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបង ជូនអាជីវករឡើងវិញ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖”ក្រោយការឆាបឆេះផ្សារបឹងឈូកនៅខេត្តបាត់ដំបង ម្ចាស់ផ្សារអះអាងថា ខ្លួនគ្មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការសាងសង់ឡើយ ហេតុដូច្នេះសម្ដេច បានសម្រេចយកផ្សារបឹងឈូកពីភាគីឯកជន មកស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋវិញ ដោយសាងសង់ឡើង១៤៨តូប ដែលឆេះនោះ ឱ្យអជីវករបានលក់ដូរមកវិញ”។

លើសពីនេះទៅទៀត ម្ចាស់អាជីវករទាំងនោះ នឹងទទួលបានសិទ្ធអាស្រ័យផលអស់មួយជីវិតដល់អាជីវករដោយមិនបាច់ចាំបង់ថ្លៃប្រចាំខែទៀតនោះទេ។

គួររំលឹកថា ផ្សារបឹងឈូក ខេត្តបាត់ដំបង ត្រូវបានអគ្គិភ័យបានចាប់ផ្ដើមឆាបឆេះ នៅវេលាម៉ោងជាង១០ យប់ថ្ងៃទី០៣ ខែវិច្ឆិកា បណ្ដាលឱ្យតូបចំនួន១៤៨ ខូចខាតទាំងស្រុង៕