ស្ថានទូតអាមេរិកប្រចាំនៅម្ពុជា បានបដិសេធលើព័ត៌មានចុះផ្សាយដោយកាសែតឥណ្ឌា The Sunday Guardian ដែលថា៖”រដ្ឋាភិបាលលោក Joe Biden នៅពីក្រោយខ្នងនៃចលនាបដិវត្តន៍ពណ៌នៅកម្ពុជា”។ស្ថានទូតអាមេរិក ចាត់ទុកការចេញផស្សាយព័ត៌មានរបស់ The Sunday Guardian ជាព័ត៌មានមិនពិត និងបំភាន់គោលនយោបាយការបរទេសអាមេរិក។
ការប្រតិកម្មរបស់ស្ថានទូតអាមេរិកនេះ ក៏ព្រោះតែកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ សារព័ត៌មាន The Sunday Guardian របស់ឥណ្ឌាបានផ្សាយថា៖”រដ្ឋបាលអាមេរិករបស់លោក Joe Biden ស្ថិតនៅពីក្រោយផែនការធ្វើបដិវត្តន៍ពណ៌នៅកម្ពុជាដោយយកគំរូតាមប្រទេសបង់ក្លាដែស”។
សារព័ត៌មានឥណ្ឌានេះ បានអះអាងថា៖”គម្រោងធ្វើបដិវត្តន៍ពណ៌នេះ ក៏ជាប់ពាក់ព័ន្ធនឹងអតីតប្រធានគណបក្សប្រឆាំងសង្គ្រោះជាតិលោក សម រង្ស៊ី និងលោកស្រី មូរ សុខហួរ ដែលអ្នកទាំង២ទទួលបានថវិកា ៥៥,០០០ ដុល្លារពីមូលនិធិលោក George Soros ក្នុងរូបភាពជាជំនួយនៃគម្រោងផ្សេងៗ តែជាក់ស្តែង ថវិកានេះប្រើសម្រាប់ក្នុងការតស៊ូមតិ ជាមួយរដ្ឋាភិបាលកាន់អំណាចបច្ចុប្បន្នរហូតដល់ចុងឆ្នាំ២០២៤”។
តែយ៉ាងណាមិញពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា លោកស្រី Katherine Diop បានបញ្ជាក់ថា សហរដ្ឋអាមេរិកបានព្យាយាមធ្វើការជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ដោយគោរពតាមប្រជាធិបតេយ្យ និងឯករាជ្យជាតិកម្ពុជា៕
